(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែងទៅកាន់ថ្នាក់ដឹកនាំមន្ទីរ​សុខាភិបាល និងមន្រ្តីសុខាភិបាលរថាជធានីខេត្ត ឲ្យបន្តយកចិត្តទុកដាក់លើ «គុណភាពសេវាសុខាភិបាល ដែលនៅតែជាអាទិភាពចំបង នៃការកែលម្អកិច្ចការ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ» និងបានពាំនាំនូវការកោតសសើរពីសំណាក់ លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈសន្និបាតសុខាភិបាល ឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ ជាពិសេសគោលនយោបាយសុខាភិបាលជាតិ ក៏ផ្តោយលើកិច្ចការពង្រឹងសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាពដែរ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម។

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ជូនដល់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចផ្តល់ថវិកាបន្ថែម លើថវិកាជាតិប្រចាំឆ្នាំ ដល់មណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក សម្រាប់ដំណើរការនូវកិច្ចការចាំបាច់មួយចំនួន សំដៅលើកតម្កើងគុណភាពសេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរឡើង។

លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលា ស្តីពី ការកសាងផែនការ កែលម្អគុណភាពសេវាសុខាភិបាល ថ្នាក់មណ្ឌលសុខភាព និងបានសំណេះសំណាល សួរសុខទុក្ខ មន្រ្តីសុខាភិបាល ជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្ត រាជធានី និង ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ដែលបានអញ្ជើញចូលរួមមានចំនួនប្រហែល ១៥០នាក់ ។ លោកស្រីបានបញ្ជាក់ថា ៖

១. សិក្ខាសាលាថ្ងៃនេះ គឺជាការព្រាងទុក ក្រោយពីមានការវាយតម្លៃគុណភាព នាឆ្នាំ២០១៥ ដើម្បីកែលម្អគុណភាព លើចំណុចខ្វះខាតមួយចំនួនឲ្យខានតែបាននៅមុនដំណាច់ឆ្នាំ២០១៨ខាងមុខនេះ។  កិច្ចការដែលត្រូវធ្វើដោយពកិតប្រាកដនេះ ត្រូវការសុឆន្ទះ និងការប្តេជ្ញាចិត្តខ្ពស់ ព្រមទាំងការចូលរួមយ៉ាងសកម្មពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ទាំងអស់ ។

២.ត្រូវកែប្រែនូវទម្លាប់ និងឥរិយាបទ ជាមួយនឹងការគោរពក្រមសីលធ៌មវិជ្ជាជីវៈពិតប្រាកដ ជម្រុញធ្វើយ៉ាងណាឲ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត ។

៣. តាមស្តិតិ ឆ្នាំ២០១៦ ប្រជាពលរដ្ឋ បានមកទទួលសេវាសុខាភិបាល (ពិនិត្យនិងព្យាបាលជំងឺ) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាង១០លាន ករណី ហើយអត្រាស្លាប់ មានចំនួនទាប គឺ ០,៨៥% ដែលនេះ បង្ហាញពីការប្រើប្រាស់សេវាសុខាភិបាល កើននិងល្អប្រសើរឡើង ពី១ឆ្នាំទៅ១ឆ្នាំ ។

៤.អត្តចរិត របស់គ្រូពេទ្យ នៅមានចំណុចខ្វះខាតខ្លះៗ ដែលចាំបាច់ត្រូវតែកែលម្អ និងត្រូវវែកមុខឲ្យឃើញនូវជនដែលបង្កភាពអវិជ្ជមាននៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងត្រូវមានការរាក់ទាក់ សំដឺសភាពរាបសារ និងការគោរពបទបញ្ជាផ្ទៃក្នុង ឲ្យបានត្រឹមត្រូវ។

៥. ពង្រឹង ការអនុវត្តន៍អនាម័យល្អ ស្អាត មានសណ្ដាប់ធ្នាប់ ក្នុងនិងក្រៅបរិវេណនៃអាគារពេទ្យ រួមទាំងឡដុតសម្រាម និងការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ ជាដើម ។

៦. ពង្រឹងការគ្រប់គ្រង ដោយចាត់ចែងប្រកបដោយប្រសិទ្ធិភាព នូវការចំណាយរាល់ថវិកាជាតិក្តី និងប្រភពថវិកាផ្សេងៗទៀតក្តី ឲ្យបានចំទិសដៅ ។

៧. ត្រូវយកចិត្តទុកដាក់ ថែទាំឧបករណ៍ សម្ភារៈបរិក្ខាពេទ្យ ដើម្បីឲ្យការប្រើប្រាស់ បានយូរអង្វែង ។

៨. សូមពិភាក្សាគ្នា យកចិត្តទុកដាក់ អ្វីដែលអាចធ្វើបាន រៀបចំផែនការ និង ការតាមដាន ដើម្បីឲ្យទទួលបាននូវសមិទ្ធិផលនៃការកែលម្អនេះនៅពេលខាងមុខ មុនការបោះឆ្នោត ឆ្នាំ២០១៨ ក្នុងនោះការផ្លាស់ប្តូរឥរិយាបទ ការរៀបចំ សេវាបដិសណ្ឋារកិច្ច ការចាត់ចែងអ្នកជំងឺ (Triage) ការចេញវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ ពិនិត្យមើលឡើងវិញនៅការសរសេរសំណុំឯកសារអ្នកជំងឺឲ្យបានត្រឹមត្រូវ បែបបទនៃការព្យាបាល ការប្រើប្រាស់និងគ្រប់គ្រងឱសថទៅតាមស្តង់ដារណែនាំរបស់ក្រសួង ពង្រឹងចំណេះដឹងមូលដ្ឋានរបស់មន្ត្រីសុខាភិបាល ការបែងចែកបុគ្គលិក ទៅដល់មូលដ្ឋានសុខាភិបាល ជៀសវាងកកស្ទះនៅតំបន់ណាមួយ ពិសេសត្រូវគិតគួរបែងចែកវេជ្ជបណ្ឌិត ឲ្យបានទៅដល់មណ្ឌលសុខភាព យ៉ាងហោចណាស់ក៏ត្រូវមានវេជ្ជបណ្ឌិតម្នាក់សម្រាប់មណ្ឌលសុខភាពមួយដែរ។

៩.កិច្ចប្រជុំការងារបច្ចេកទេសនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ចាំបាច់ត្រូវតែដំណើរការជាប្រចាំ សម្រាប់ការឯកភាព ការគៀងគរធនធាន ការផ្លាស់ប្តូរបទពិសោធន៍ នានា និងការគាំទ្របច្ចេកទេសដល់ក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានរបស់ខ្លួន។

១០. សំណូមពរ ស្វែងរកជនខិលខូច បំភ្លៃសភាពការជាក់ស្តែងបច្ចុប្បន្ន មកបកស្រាយ និងផ្តន្ទាទោសតាមផ្លូវច្បាប់ ។

លោកស្រីវេជ្ជបណ្ឌិត បានជូនពរដល់មន្ត្រីសុខាភិបយើង ក្នុងឱកាស ចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សូមសិរីសួស្ដី រកស៊ីមានបាន សាមគ្គីភាព ជៀសវាងគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរ និង សុភមង្គលគ្រប់ក្រុមគ្រួសារ៕