(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការដាក់បញ្ចាំងភាព​យន្តភាគជាច្រើន ក្នុងស្ថានីយទូរទស្សន៍​របស់ខ្លួនហើយនោះ ទូរទស្សន៍​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ បានសម្រេចចិត្តធ្វើពីធី ក្រុងពាលីរឿងភាគថ្មីមួយទៀត មានចំណងជើងថា «ជីវិតនាងរចនា» ដោយបានជ្រើស​រើសយក តារាសម្ដែង លោក អ៊ុន សុធា និងកញ្ញា រីយ៉ា សម្ដែងជាតួឯករួមគ្នា។

ពិធីក្រុងពាលីរឿងភាគថ្មី របស់ទូរទស្សន៍​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភោគីត្រា ដោយមានវត្តមានថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥, ផលិតករ, តារាសម្ដែងប្រុស-ស្រី និងក្រុមការងារថតជាច្រើននាក់។

លោក ស៊ិន សុផាត ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ការផ្សាយ នៃ​ស្ថានីយទូរទស្សន៍​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ បាន​ថ្លែងឲ្យ​ដឹងថា រឿង «ជីវិត​នាង​រចនា» ជា​ឆ្អឹង​រឿង​របស់​ថៃ ប៉ុន្តែ​មាន​គណៈកម្មការ​កែប្រែ​ និងសម្រួលឲ្យ​ទៅជា​រឿង​ខ្មែរ​ មានលក្ខណៈជារបស់ខ្មែរ។​ រឿង​របស់ថៃ គឺមាន​វប្បធម៌​របស់គេ ទាំង​ការនិយាយស្តី ការ​ស្លៀកពាក់ អាកប្បកិរិយា ដូច្នេះ​នៅពេលដែល​យើង​យកមក​​ច្នៃ ឲ្យ​ទៅជា​រឿង​ខ្មែរ​ ត្រូវតែមានការត្រួតពិនិត្យជាថ្មី កែតម្រូវជាថ្មី កុំឲ្យដូចទៅនឹងរឿងរបស់គេទាំងស្រុង។

លោក​​ ស៊ិន សុផាត បញ្ជាក់ថា នៅថ្ងៃអនាគត ទូរទស្សន៍​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ នឹងមាន​ការផលិត​រឿង​ដែល​ខ្លួនឯង ខណៈដែលប៉ុស្តិ៍​បាន​សហការ​​ជាមួយ​ផលិតកម្ម​ធំៗ​ប្រហែល​ប្រាំ​ផលិតកម្ម ដើម្បីបង្កើតការផលិតរឿងភាគ​ឲ្យបានច្រើន បំពេញតាមតម្រូវការរបស់ទស្សនិកជន​​។ រឿង «ជីវិតនាងរចនា» មានចំនួន៣០ភាគ ដែលជារឿង បែបមនោសញ្ចេតនា ស្នេហា និងកំសត់ ដោយ​រំលេច​​គ្រប់​រសជាតិ​​ និង​និយាយ​ពី​ការតស៊ូ​ ក្នុង​ជីវិត​របស់​ក្មេងស្រី​ម្នាក់​។

​ដោយឡែក តារា​សម្តែង​​ លោក អ៊ុន សុធា បាន​ឲ្យ​ដឹងថា ដោយសារតែ​ខ្លួន​ធ្លាប់​ទទួល​ជោគជ័យ​ផ្នែក​សម្តែង ដូច្នេះ​លោក​មិន​ខ្លាច និង​ខិតខំ​ប្រឹង​សម្តែង​​ឲ្យ​ល្អ​សម្រាប់​រឿង ​«​ជីវិត​នាង​រចនា» ងាក​មក​ការ​ចាប់ដៃគ្នា​ជាមួយនឹង​​ តារា​សម្តែងវ័យក្មេងស្រករ​ក្រោយ កញ្ញា ​​រី​យ៉ា វិញ លោក អ៊ុន សុធា និយាយថា ​​រី​យ៉ា នឹងមាន​សមត្ថភាព អាច​សម្រក់​ទឹកភ្នែក​​​ដោយ​មិនបាច់​ប្រើ​ទឹកភ្នែក​សប្ប​និម្មិត ខណៈដែល អ៊ុន សុធា ធ្លាប់​ឃើញ​ទេពកោសល្យ របស់​កញ្ញា​​ ​រី​យា កន្លងមក​។

ចំណែក​តារា​សម្តែង​ ដែល​អាច​ជាប់​រហស្ស​នាម​ ជាតា​រាទឹក​ភ្នែក កញ្ញា ​​រី​យ៉ា ជឿជាក់ថា ទោះបី​ជាការ​ចាប់ដៃ​គ្នា​លើកដំបូង ​ជាមួយ​តួ​ប្រុស​​សង្ហា​ លោក អ៊ុន សុធា នាង​នឹង​ខិតខំ​បញ្ចេញ​សម​ត្ថិ​ភាព​របស់ខ្លួន​ ឲ្យ​អស់ពី​ចិត្ត ​ត្បិត​តែនៅពេលនេះ នាង​មានឱកាស​សម្តែង​​​ជាមួយនឹ​ង ​តួសម្ដែងដែលនាងចូលចិត្តហើយ​៕