(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «សូមក្រាបបង្គំទូលថ្វាយសម្តែងនូវអំណរ ព្រះមហាករុណាទិគុណ ប្រកបដោយបិតិសោមនស្សរីករាយ ជាអនេកប្បការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទាននូវព្រះសព្ទសាធុការពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរ រួមនឹងផ្កាដ៏ស្រស់ល្អមួយកន្រ្តក់ ដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងឱកាសខួបចំរើនជន្មាយុរបស់ទួលព្រះបង្គំជាខ្ញុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ»។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យ បួងសួងដល់វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងដួងព្រះវិញ្ញាណក័្ខន្ធ អតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសសូមទេវតាថែរក្សា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ព្រះនាម កិមិរាទេវី សូមប្រទានប្រោះព្រំទឹកអម្រឹត ថ្វាយព្រះពរជ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ៖