(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មដ៏ធំ និងល្អជាងគេចំនួនពីរនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ។

ក្រុមហ៊ុនខេមប៊ូឌាន ប្រតឃែសស្ទីង សឺវីស (CBS) រួមជាមួយក្រុមហ៊ុន Legend Tiger Investment Co., Ltd. កំពុងឈានដល់ដំណាក់កាលចុងក្រោយ នៃការរួមបញ្ចូលគ្នាតែមួយ ក្នុងការបង្កើត ក្រុមហ៊ុនផលិតកម្មស្ប៉តពាណិជ្ជកម្មទូរទស្សន៍ (TV Ad) ដ៏ធំ ដែលបំពាក់នូវឧបករណ៍ ដែលមានបទដ្ឋានខ្ពស់ សម្រាប់ស្ប៉តពាណិជ្ជកម្ម ដែលគុណភាពលក្ខណៈស្តង់ដារអន្តរជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសានេះ។

អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលភាគហ៊ុនមួយផ្នែកធំក្នុងក្រុមហ៊ុន Legend Tiger ដែលតាមរយៈនេះ Legend Tiger នឹងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ CBS ។

អ្នកឧកញ៉ាគិត ម៉េង បានថ្លែងថា «ពួកយើង នឹងធ្វើការអភិវឌ្ឍន៍បន្ថែម ដើម្បីបង្កើតទាំងគុណភាពផលិតកម្ម និង សេវាកម្មជូនអតិថិជន»

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា ជាមួយនឹងធនធានមនុស្សប្រកបដោយទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ CBS TVC Production និង Legend Tiger ការវិនិយោគរួមគ្នានេះ នឹងអាចឲ្យកម្ពុជា អាចប្រកួតប្រជែងជាមួយ នឹងបណ្ដាក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មក្នុងប្រទេសជិតខាង ដូចជា ប្រទេស ថៃ និង វៀតណាមបាន។

តាមការរំពឹងទុក ការរួមបញ្ចូល នឹងដំណើរការរួចរាល់ជាស្ថាពរ នៅមុនត្រីមាសទី៣នៃឆ្នាំនេះ។

នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CBS លោក Bernard Anthony បានលើកឡើងថា «ពួកយើងកំពុងព្យាយាមបញ្ចប់កិច្ចការនេះ ដើម្បីធានាបាននូវការផ្លាស់ប្ដូរដោយរលូន និងបានខិតខំទ្វេដង ដើម្បីឲ្យការរួមបញ្ចូលនេះ ទទួលបានការអនុម័ត ដោយស្របច្បាប់»

លោក Anthony បានបន្ថែមថា «បច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួន បានទាក់ទងទីភ្នាក់ងារក្រៅប្រទេស ដើម្បីផលិតស្ប៉តពាណិជ្ជកម្ម ដែលមានគុណភាពតាមអ្វីដែលពួកគេចង់បាន។ តាមរយៈការរួមបញ្ចូលនេះ ក្រុមហ៊ុននានានៅកម្ពុជា នឹងមានជម្រើសក្នុងការផលិតស្ប៉តពាណិជ្ជកម្មរបស់ខ្លួន ជាមួយទីភ្នាក់ងារក្នុងស្រុក ដោយចំណាយតិចជាងមុន ហើយពួកយើង នឹងផ្ដល់ជូននូវការផលិត ដែលមានគុណភាព និង ភាពច្នៃប្រឌិតដូចគ្នា នឹងអ្វីដែលប្រទេសផ្សេងៗក្នុងតំបន់ឥណ្ឌូចិន បានផ្ដល់ជូនដែរ»៕