(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចុះសម្អាតអនាម័យ និងបរិស្ថាននៅតាមផ្លូវសាធារណៈ ព្រមទាំងបានណែនាំពីរបៀបរបប នៃការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

លោក ហាក់ ឡេង បានឲ្យដឹងថា ការចូលរួមសម្អាតអនាម័យ និងថែរក្សាបរិស្ថាន នៅតាមដងផ្លូវសាធារណៈនេះ គឺដើម្បបង្កើននូវសោភ័ណភាពតាមដងផ្លូវ ចូលរួមជំរុញវិស័យទេសចរណ៍ និងដើម្បីសុខភាពពលរដ្ឋទាំងអស់គ្នា។

លោកថា «សកម្មភាពនេះ ក៏បានរួមចំណែកក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អផងដែរ បើកាលណា សោភ័ណភាពទីក្រុងស្អាត មានផាសុខភាពល្អ ភ្លៀវទេសចរក៏កាន់តែមានកំណើនច្រើនដែរ នាំឲ្យប្រជាពលរដ្ឋមានជីវភាពធូរធាបានមួយកម្រិត»

លោកអភិបាលស្រុករូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ មិនត្រូវបោះចោលផ្ដេសផ្ដាសឡើយ ត្រូវវេចខ្ចប់សំរាមទុកឲ្យបានត្រឹមត្រូវ ដើម្បីឲ្យខាងក្រុមហ៊ុនដឹកសំរាម ងាយស្រួលលើកដាក់រថយន្តទៅចាក់ចោល៕