(ភ្នំពេញ)៖ ស្របពេលស្ថានការណ៍នយោបាយរបស់គណបក្សប្រឆាំង មានភាពរញ៉េរញ៉ៃជុំវិញការធ្វើសមាជវិសាមញ្ញខុសក្បួន ខុសហើយខុសទៀត និងបញ្ហាទាមទារការបង់ប្រាក់ពីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ដែលទទួលរងការរិះគន់ពីសមាជិករបស់ខ្លួន។ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ, បុទុមពេជ្រ សូមបញ្ចេញនូវទស្សនៈរបស់ខ្លួនមួយ តាមរយៈលិខិតមិត្តអ្នកអានផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ជាមួយចំណងជើងថា «ទស្សនៈស្រ្តីលើគណបក្សនយោបាយ២»។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

ជាដំបូង នាងខ្ញុំសូមអរគុណដល់បណ្តាញព័ត៌មាន ដែលទទួលយកអត្ថបទរបស់នាងខ្ញុំយកទៅចុះផ្សាយ ដើម្បីបង្ហាញជូនសាធារណជនខ្មែរ ជ្រាបពីការសង្កេតរបស់នារីម្នាក់ ដែលជាភរិយានៃមន្ត្រីខ្មែរក្នុងស្ថានទូតបរទេសមួយនៅក្រុងភ្នំពេញ អំពីដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។

នាងខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយមានកូនប្រុសស្រី ដល់ទៅ៣នាក់ កំពុងសិក្សានៅវិទ្យាល័យ និងអនុវិទ្យាល័យមួយ។ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ជាមេផ្ទះដែលចូលចិត្ត តាមសង្កេតសម្តី និងចរិតរបស់ មនុស្សនេះ នាងខ្ញុំបានសង្កេតទៅលើអ្នកនយោបាយនៅក្នុងគណបក្សជាច្រើននាពេលកន្លងមក។ ថ្ងៃនេះនាងខ្ញុំសូមចែករំលែកនូវការ សង្កេតឃើញ៥ ចំណុចរបស់នាងខ្ញុំដូចខាងក្រោម៖

សង្កេតទី១៖ ប្រសិនជាយើងក្រឡេកមើលភាពល្អឥតខ្ចោះ នៃអ្នកនយោបាយនៅកម្ពុជាគឺ នាងខ្ញុំរកអ្នកដែលល្អឥតខ្ចោះមិនទាន់បាននៅឡើយ។ ប៉ុន្តែបើនិយាយពីអ្នកដែលមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវចំពោះមហាជននោះ នាងខ្ញុំមានអារម្មណ៍ថា អ្នកនយោបាយនៃគណបក្ស កាន់អំណាចមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវលើចំណុចខ្វះខាត ឬចំណុចប្រឈមរបស់ខ្លួនជាងគណបក្សប្រឆាំង។

គណបក្សកាន់អំណាចមិននិយាយតែអ្វីដែលជាភាពល្អឥតខ្ចោះរបស់ខ្លួននោះទេ គណបក្សនេះក៏ទទួលស្គាល់ការខ្វះខាត និងចំណុចប្រឈមដែល នៅមានផងដែរ។ ប្រជាពលរដ្ឋ និស្សិត និងអ្នកសិក្សាស្រាវជ្រាវរកបាននូវករណីនេះនៅគ្រប់ឯកសារផ្លូវការនានា ដូចជាផែនការយុទ្ធសាស្ត្រ ឬផែនការសកម្មភាពរបស់វិស័យ ឬស្ថាប័ន ឬអង្គភាពនីមួយៗ។ ប្រមុខរាជរដ្ឋាភិបាលផ្ទាល់ក៏ធ្លាប់សំណូមពរដល់ប្រជាពលរដ្ឋ កុំឱ្យខឹងគោ ទៅវាយរទេះ ដែលតាមភាសានេះគឺលោកទទួលស្គាល់ថា អាចនៅមានការខ្វះខាតខ្លះ ដែលលោកនឹងចាត់វិធានការបន្ថែមដើម្បីលុបបំបាត់ ភាពអសកម្មនោះ ចៀសវាងប្រជាពលរដ្ឋខឹងបុគ្គលមួយក្រុមតូច បែរជាទៅបោះឆ្នោតឱ្យគណបក្សដទៃ។

ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានផ្តល់សេរីភាពដល់បណ្តាញព័ត៌មានក្នុងការរិះគន់ចំៗលើបុគ្គល និងស្ថាប័នមួយចំនួនដែលបំពេញការងារមិនទាន់ គ្រប់ជ្រុងជ្រោយ ហើយក៏បានចាត់វិធានការចំពោះបុគ្គល ឬស្ថាប័នដែលខ្វះខាតទាំងនោះ។ ផ្ទុយទៅវិញប្រសិនជាយើងក្រឡេកមើលមនុស្ស សំខាន់ៗនៃគណបក្សសង្រ្គោះជាតិ ក៏ដូចជាឯកសារផ្លូវការនានារបស់គណបក្សនេះ គេកម្រឃើញមានការនិយាយសរសើរពីអំពើល្អ ឬចំនុចអភិវឌ្ឍន៍ដែលគណបក្សកាន់អំណាចបានធ្វើផ្តល់ជូនសង្គមណាស់។ សូម្បីតែផ្លូវថ្នល់ និងស្ពានដែលធ្វើឱ្យមន្ត្រីគណបក្សសង្រ្គោះជាតិ មានលទ្ធភាពជិះរថយន្តចុះដល់ជនបទ ក៏មន្ត្រីគណបក្សនេះមិនបានពោលសរសើរថា គ្រាន់បើជាងមុននោះឡើយ។ គណបក្សសង្រ្គោះជាតិ តែងតែលើកអំពីចំណុចអវិជ្ជមានរបស់មន្ត្រីនៃគណបក្សកាន់អំណាចថា ពុករលួយ បក្ខពួក គ្រួសារនិយម។ល។ ខណៈពេលដែលខ្លួនតម្រូវឱ្យ សមាជិកខ្លួនបង់លុយស្រស់ៗ រីឯមូលនិធិគណបក្សក៏មិនមានរបាយការណ៍អ្វីជាក់លាក់ ហើយមន្ត្រីកំពូលរបស់គណបក្សជាច្រើនតែជាសាច់ញាតិ ប្រពន្ធកូននឹងគ្នាស្ទើរតែទាំងអស់។ ពេលខ្លះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ខ្វះសេចក្តីក្លាហានរហូតខិតខំបដិសេធរឿងពិតរបស់ខ្លួន ដែលកំពុងឈ្លក់វង្វេងនឹងល្បែង ឬលួចក្បត់ចិត្តប្រពន្ធកូនទៀត។

សង្កេតទី២៖ ប្រសិនជាយើងក្រឡេកមើលសមត្ថភាពរបស់អ្នកដឹកនាំគណបក្ស និងទីប្រឹក្សារបស់គណបក្សក៏ហាក់ដូចជា មានភាពខុសគ្នាឆ្ងាយ។ អ្វីដែលជាទិដ្ឋភាពច្បាប់ ឬមូលដ្ឋានដែលគណបក្សកាន់អំណាចមាននៅក្នុងដៃគឺមានភាពច្បាស់លាស់ ហើយត្រឹមត្រូវ ដែលធ្វើឱ្យអ្នកច្បាប់គណបក្សសង្រ្គោះជាតិពិបាកនឹងបដិសេធ ហើយសូម្បីតែអ្នកច្បាប់អន្តរជាតិ ក៏ពិបាកនឹងទប់ទល់ជាមួយនឹងអ្នកច្បាប់ ឬមន្ត្រីរបស់គណបក្សកាន់អំណាចដែរ ដូចជាការរៀបចំយុទ្ធសាស្ត្រដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងការតទល់ជាមួយថៃ នៅក្នុងតុលាការអន្តរជាតិជាដើម។

នៅពេលថ្មីៗនេះ មហាជនមួយចំនួនគិតថា ការចេញលិខិតរបស់ក្រសួងមហាផ្ទៃ ទៅគណបក្សសង្រ្គោះជាតិ អំពីសមាជវិសាមញ្ញរបស់ គណបក្សសង្រ្គោះជាតិ គឺមានចេតនារំខានគណបក្សមួយនេះ។ ប៉ុន្តែប្រសិនជាប្រជាពលរដ្ឋធ្វើចិត្តឱ្យហ្នឹង ហើយដកដង្ហើមឱ្យបានវែងៗ សញ្ជឹងសួរខ្លួនឯងបន្តិចថា តើប្រសិនជាថ្នាក់ដឹកនាំ និងអ្នកច្បាប់ ក៏ដូចជាអ្នកយុទ្ធសាស្ត្ររបស់គណបក្សសង្រ្គោះជាតិ មានការគិតគូរគ្រប់ជ្រុង ជ្រោយនោះ តើក្រសួងមហាផ្ទៃមានចន្លោះប្រហោងណាត្រូវទៅសួរកើតនោះ? នាងខ្ញុំជឿថា ហេតុការណ៍នេះគឺកើតចេញពីភាពខ្ជីខ្ជានឹងការងារ ឬមើលងាយនឹងការងារ ហើយខ្វះការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ មុននឹងសម្រេចថា ធ្វើអ្វីមួយ។ បើសូម្បីតែលក្ខន្តិកៈ និងច្បាប់ខ្មែរ ដែលសរសេរជាភាសាខ្មែរ មនុស្សសំខាន់ៗ នៃគណបក្សសង្រ្គោះជាតិមើលមិនគ្រប់ជ្រុងជ្រោយផង តើថៃ្ងក្រោយពួកគាត់អាចទៅតតាំងប្រឆាំង ជាមួយបរទេសតាមផ្លូវការទូត និងច្បាប់យ៉ាងម៉េចទៅ? ការទម្លាប់ធ្វើការងារដោយខ្ជីខ្ជាគឺមិនមែនជាលក្ខណសម្បត្តិ របស់ក្រុមអ្នកនយោបាយ ដែលមានក្តីស្រមៃចង់ដឹកនាំប្រទេសនោះឡើយ។

សង្កេតទី៣៖ ផ្តើមចេញពីភាពខ្ជីខ្ជានឹងការងារនេះ នាងខ្ញុំក៏មិនយល់ថាហេតុអ្វីបានជាគណបក្សសង្រ្គោះជាតិ ដាក់គោលការណ៍ឱ្យបេក្ខជន ក្រុមប្រឹក្សាឃុំ ត្រូវបង់ប្រាក់ជាថ្នូរនឹងការបានឈរឈ្មោះ ព្រមទាំងត្រូវកាត់ប្រាក់ខែចំនួន ៥០%ទៀត ដើម្បីយកមកទ្រទ្រង់គណបក្សប្រសិន ជាជាប់ឆ្នោត? តើនេះជាការសម្រេចរបស់គណៈកម្មាធិការនាយកឬ? តើវាមានសង្គតភាពនឹងអ្វីដែលគណបក្សតែងតែលើកឡើងនោះទេ?

កន្លងមកគណបក្សសង្រ្គោះជាតិ តែងតែលើកឡើងថា ជីវភាពប្រជាជន ជាពិសេសសមាជិកគណបក្សរបស់ខ្លួនក្រីក្រណាស់ រកព្រឹកខ្វះល្ងាច រីឯប្រាក់ខែក្រុមប្រឹក្សាឃុំសង្កាត់នាពេលបច្ចុប្បន្ន ក៏ដូចជាឆ្នាំក្រោយនេះចាយមិនគ្រាន់ទេ! បើនិយាយថា ប្រជាពលរដ្ឋ និងសមាជិកខ្លួនក្រ ហេតុដូចម្តេចក៏តម្រូវឱ្យគ្នាបង់លុយទើបបញ្ចូលឈ្មោះក្នុងបញ្ជីបេក្ខជន? បើនិយាយថា ប្រាក់ខែរបស់ក្រុមប្រឹក្សាឃុំសង្កាត់ចាយមិនគ្រាន់ ហេតុដូចម្តេចបានជាត្រូវកាត់ប្រាក់ខែក្រុមប្រឹក្សាឃុំអស់៥០%ទៀត? វាមិនឡូហ្សីកសោះ! បើដូច្នោះមែនតើគ្នាបានអីចិញ្ចឹម និងទ្រទ្រង់គ្រួសារ? ឬមួយគណបក្សសង្រ្គោះជាតិគិតថា ក្រោយពេលបោះឆ្នោតមេឃុំ ឬចៅសង្កាត់របស់ខ្លួនអាចទារសេវាក្រៅបន្ថែមពីរាស្រ្ត? នាងខ្ញុំមិនយល់តើថវិកា ដែលសមាជិកនៅក្រៅប្រទេសប្រមូលបានកន្លងមកទៅណាម្តេចក៏មិនយកមកប្រើប្រាស់? នាងខ្ញុំសង្ឃឹមថា ការកំណត់ឱ្យបង់លុយ និងកាត់លុយ នេះជាគំនិតរបស់ឯកឧត្តម យឹម សុវណ្ណ តែម្នាក់ឯងទៅចុះ។ បើដូច្នោះមែនគណបក្សគួរមានវិធានការជាមួយគាត់ ប្រសើរជាងទុកចន្លោះប្រហោង ឱ្យសមាជិកគណបក្សដែលខឹងសម្បារនឹងគាត់ផ្ទុះការតវ៉ា ហើយក្លាយទៅជាភ្លើងចំបើងដែលអាចឱ្យគេផ្លុំហៅខ្យល់បន្ថែម។

សង្កេតទី៤៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺរើសថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបម្រើរាស្ត្រទៅតាមទំហំថវិកា និងធនធានដែលថ្នាក់ជាតិ បានកំណត់ក្នុងច្បាប់ថវិកាប្រចាំឆ្នាំ ពោលក្រុមប្រឹក្សាឃុំសង្កាត់ពុំមានសិទ្ធិក្នុងការកំណត់ទំហំថវិកាសម្រាប់ឃុំសង្កាត់របស់ខ្លួននោះទេ។ ដូច្នេះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ មិនទាក់ទងនឹងគោលនយោបាយកំណត់ទំហំថវិកាដែលត្រូវទម្លាក់ ទៅឱ្យឃុំសង្កាត់នីមួយៗនោះឡើយ។ ប៉ុន្តែក្នុងគោលនយោបាយបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ គណបក្សសង្រ្គោះជាតិ បែរជាមាន កំណត់ទំហំទឹកប្រាក់ដែលត្រូវផ្តល់ឱ្យឃុំសង្កាត់នីមួយៗទៅវិញ។

វាគួរតែជាគោលនយោបាយពេលបោះឆ្នោតសកល នាឆ្នាំ២០១៨ទើបជាការត្រឹមត្រូវ។ ការកំណត់គោលនយោបាយនេះគឺ អាចបង្ហាញឱ្យឃើញពី ចេតនាអាក្រក់របស់គណបក្សសង្រ្គោះជាតិ ក្នុងការបោករាស្ត្រ ឬក៏អាចជាការបង្ហាញឱ្យឃើញពីអសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទីប្រឹក្សាជាន់ខ្ពស់ របស់គណបក្សសង្រ្គោះជាតិ ដែលមិនចេះបែងចែកថា អ្វីជាគោលនយោបាយថ្នាក់ជាតិ និងអ្វីដែលជាគោលនយោបាយថ្នាក់ក្រោមជាតិ។

ដោយសារពេលវេលា នាងខ្ញុំសូមបង្ហាញត្រឹមការសង្កេតទាំង៤នេះ រួមផ្សំនឹងការសង្កេតទី៥ចុងក្រោយរបស់នាងខ្ញុំ ដែលផ្អែកលើបទពិសោធន៍ នៃជីវិតថា «បើអ្នកនយោបាយម្នាក់មិនមានសេចក្តីស្មោះត្រង់ គោរពកិច្ចសន្យាចំណងអាពាហ៍ពិពាហ៍ និងស្រឡាញ់ប្រពន្ធកូនរបស់ខ្លួនឯងផង តើធ្វើម៉េចអ្នកនោះមានសេចក្តីស្មោះត្រង់ គោរពការសន្យា និងផ្តល់ក្តីស្រឡាញ់ដល់រាស្ត្រដែលជាអ្នកក្រៅទៅ?»

នាងខ្ញុំមិនដឹងថា តើមិត្តភក្តិនៃគ្រួសារនាងខ្ញុំនៅក្នុងក្រុម CamPro ឬ ProCam អាចមើលឃើញដូចការសង្កេតទាំង៥របស់នាងខ្ញុំដែរឬទេ? ជាពិសេសម្ចាស់សំណេរនៅក្រៅប្រទេស និងអ្នកដែលគណបក្សប្រជាជនបានបណ្តេញចេញពីបក្ស និងអ្នកដែលទទួលប្រាក់ខែរបស់ USAID ហើយដឹកមុខក្នុងការបញ្ចេញមតិ បែបទាញក្តីសន្និដ្ឋានមុនផ្តល់ហេតុផលនៅក្នុងក្រុម?

ដោយ៖ បុទុមពេជ្រ ស្រ្តីថ្មីលើវិថីដងប៉ាកា