(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងភ្នាល់បាល់ដ៏ធំមួយកន្លែង មានយីហោឡាក់គីកាហ្វេ ដែលលួចបង្កប់ល្បែងមួយនេះ ស្ថិតនៅតាមផ្លូវលេខ១៤៣ កែងផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

មន្ត្រីនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅល្ងាចនេះថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើ មានបង្កប់ល្បែងភ្នាល់បាល់ខុសច្បាប់រួចមក នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាទៅកម្លាំងនគរបាល ឲ្យបើកប្រតិបត្តិការចុះបង្ក្រាបភ្លាម។ ទីតាំងខាងលើ បានលួចប្រព្រឹត្តបទល្មើសខុសច្បាប់នេះ ជាយូរមកហើយ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។

ក្រោយការចុះបង្ក្រាបទីតាំងមួយនេះ មនុស្សទាំង៤នាក់ ត្រូវបានយកទៅសួរនាំ​ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។