(ភ្នំពេញ)៖ យ៉ាងហោចណាស់ មេខ្លោងជួញដូរគ្រឿងញៀនចំនួន៤នាក់ មាន៣ជនជាតិរួមមាន ចិន វៀតណាម និងកម្ពុជា រួមទាំងថ្នាំញៀនរហូតដល់ជិត៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បង្ក្រាបបានជាបន្តបន្ទាប់៣គោលដៅ នៅរាជធានីភ្នំពេញ។

មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះថា ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមានការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន​ នឹងមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ស្រីម្នាក់ ក្នុងនោះជនជាតិចិន២នាក់ ខ្មែរម្នាក់ និងវៀតណាមម្នាក់ ចាប់យកសារធាតុញៀនទម្ងន់ ២,៧០៨.៥១ក្រាម (ជិត៣គីឡូក្រាម)។

មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងចំណោមសារធាតុញៀនទម្ងន់ ២,៧០៨.៥១ក្រាមនោះមាន៖ ហេរ៉ូអ៉ីនទម្ងន់ ១,៧៦៥.៨៦ក្រាម, ម៉េតំហ្វេតាមីនគ្រាប់ (WY) ទម្ងន់៤៦៥.១៥ក្រាម, ម៉េតំហ្វេតាមីន (ICE) ទម្ងន់១៥៤.៣៨ក្រាម, អ៉ិចស្តាស៉ីទម្ងន់ ៣២៣.១២ក្រាម និងកញ្ឆាក្រៀម ២៣.០៣ក្រាម រួមនឹងរថយន្ត២គ្រឿង អាវុធខ្លី១ដើម គ្រាប់៤៩គ្រាប់ និងជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង៕