(ភ្នំពេញ)៖ កម្មវិធី WeChat និង AliPay របស់ប្រទេសចិនបង្ហាញឲ្យឃើញថាតើ កម្មវិធីពហុបំណងអាចជំរុញបដិវដ្តន៍ពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជាបានយ៉ាងដូចម្តេច អ្នកដែលចាប់អារម្មណ៍ ចង់ចូលរួមនៅក្នុងបដិវដ្តន៍ឌីជីថលចល័តរបស់កម្ពុជាកំពុងតាមដានយកចិត្តទុកដាក់ ចំពោះជោគជ័យដ៏មហិមានៃកំពូលកម្មវិធីរបស់ប្រទេសចិន ដែលប្រើប្រាស់ជាមួយឧបករណ៍ចល័ត មានដូចជា WeChat ឬ AliPay ជាដើម ដែលជាកម្មវិធីប្រើប្រាស់សម្រាប់ការផ្ញើសារ ទិញទំនិញ និងមុខងារផ្សេងទៀត ហើយកម្មវិធីនេះបានវាយលុកយកទីផ្សារប្រទេសចិន និងទីកន្លែងដទៃទៀត ។

ក្នុងរយៈកាលពីរបីឆ្នាំកន្លងមកនេះ យុវជនកម្ពុជាបានជាប់ចិត្តនឹងបណ្ដាញសង្គម កម្មវិធី Chat និងចែករំលែកព័ត៌មានផ្សេងៗ ដែលជាកម្មវិធីរបស់លោកខាងលិច មានដូចជា Facebook, Youtube, Instagram និង What’s App ជាដើម ។

យោងតាមស្ថិតិពីរដ្ឋាភិបាល កម្មវិធីដែលប្រើប្រាស់លើឧបករណ៍ចល័តទាំងនេះ ជាឧបករណ៍ដែលទាក់ទាញឲ្យប្រជាជនកម្ពុជាប្រើប្រាស់សេវាអ៊ិនថឹណិតចល័ត ដោយក្នុងនោះបច្ចុប្បន្ន អ្នកប្រើប្រាស់ចំនួន៦,៣លាននាក់ មានលទ្ធភាពស្វែងរកទិន្នន័យ តាមអ៊ិនថឹណិត ដោយប្រើប្រាស់ឧបករណ៍ចល័តបែបនេះ ។ កាលពីពេលថ្មីៗ ប្រជាជនកម្ពុជា ដែលចេះប្រើប្រាស់ប្រព័ន្ធឌីជីថល អាចប្រើប្រាស់សេវាឌីជីថល ដែលបង្កើតក្នុងស្រុកកាន់តែច្រើនឡើងៗ ដែលសេវាទាំងនេះបានចាប់ផ្ដើមផ្លាស់ប្ដូរការរំពឹងទុក ចំពោះមុខងារដែលអាចប្រើប្រាស់បាននៅលើទូរស័ព្ទស្មាតហ្វូន ឬ Tablet ។
ប៉ុន្តែ ប្រព័ន្ធមជ្ឈដ្ឋាននៃសេវាឌីជីថលចល័តរបស់កម្ពុជា មានលក្ខណៈតូចចង្អៀត និងបែកខ្ញែក ហើយការប្រើប្រាស់ក្រដាសប្រាក់នៅតែគ្របដណ្ដប់នៅឡើយ បើនិយាយអំពីការទិញទំនិញ ឬសេវាផ្សេងៗ ។

លោក ថូម៉ាស់ ផូករនី (Tomas Pokorny) ជាអ្នកត្រួសត្រាយផ្លូវដំបូងគេលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងតែដឹកនាំការងារបង្កើតកម្មវិធីប្រើប្រាស់ សម្រាប់ឧបករណ៍ចល័តថ្មីមួយ ឈ្មោះថា Pi Pay ដែលលោកសង្ឃឹមថា នឹងដាក់ចេញឲ្យប្រើប្រាស់នៅឆ្នាំនេះ។ លោកបន្ដថា «ទីផ្សារនេះ នៅមិនទាន់ត្រៀមខ្លួនលក្ខណៈបាន ១០០% នៅឡើយទេ សម្រាប់ការចាយវាយដោយមិនប្រើក្រដាសប្រាក់នោះ»។

លោកបានបន្តទៀតថា «ប៉ុន្តែ បើអ្នកគិតដល់ចំនួនក្រុមហ៊ុនថ្មី ផ្នែកបច្ចេកវិទ្យា ថាតើមានប៉ុន្មាននៅក្នុងទីផ្សារមួយនេះ ដែលផ្ដល់សេវាលើផ្នែកផ្គត់ផ្គង់អាហារ ការទិញទំនិញតាមអនឡាញ ការទូរទាត់ ឬសេវាដឹកជញ្ចូនជាដើម សម្រាប់ទីផ្សារមួយនេះ ដែលកំណើនទីផ្សារកើតមានតាមរយៈយុវជន ប្រើប្រាស់បណ្ដាញសង្គម និងអ៊ិនថឹណិត ដូច្នេះ យើងជឿជាក់ថា ដល់ពេលហើយ ដែលត្រូវចាប់ផ្ដើម ដំណើរការអភិវឌ្ឍកម្មវិធីថ្មី ដែលបម្រើដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ប្រៀបបាននឹងកំពូលកម្មវិធីដូចជា WeChat ដែលបានបម្រើដល់វិស័យនេះនៅក្នុងប្រទេសចិនដូច្នោះដែរ»។

បុគ្គលនានា ដែលស្ថិតក្នុងរង្វង់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដែលនៅក្មេងខ្ចីនៅឡើយនៅកម្ពុជានេះ បានកោតសរសើរដល់ជោគជ័យនៃកំពូលកម្មវិធីរបស់ចិន ពីព្រោះកម្មវិធីទាំងនោះ បានផ្លោះរំលងបច្ចេកវិទ្យាចាស់ ដើម្បីបំពេញតម្រូវការ សម្រាប់យុវជនជំនាន់ថ្មី ដែលបានកើតមកនៅក្នុងសម័យឌីជីថល ។

លោក កាយ ឡូត ជាពាណិជ្ជករកម្ពុជាមួយរូប មានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យធនាគារ ទូរស័ព្ទចល័ត និងសេវាទូទាត់ បានមានប្រសាសន៍ថា «កម្មវិធីនានា ដូចជា WeChat និង AliPay ជាដើមបានទទួលជោគជ័យដូច្នេះ ក៏ដោយសារតែកម្មវិធីទាំងនេះជួយបម្រើដល់ការរស់នៅបែបទំនើប ទាំងការរស់នៅក្នុងសង្គមអនឡាញ និងនៅក្នុងពិភពពិត ។ អ្នកអាចប្រើប្រាស់កម្មវិធីទាំងនេះ ដើម្បីផ្ទេរប្រាក់តាមរយៈប្រព័ន្ធមួយទៅឲ្យមនុស្សណាម្នាក់តាមការចង់បាន ប៉ុន្តែអ្នកក៏អាចប្រើប្រាស់កម្មវិធីនេះនៅក្នុងហាងទំនិញទូទៅ ដើម្បីទិញទំនិញជាក់លាក់ណាមួយ  ហើយបន្ទាប់មក អ្នកអាចប្រាប់ទៅកាន់មិត្តភ័ក្ត្រនៅពេលកំពុង Chat អំពីការទិញអាហារថ្ងៃត្រង់ ឬកាបូបដៃ ឬអ្វីៗផ្សេងទៀត ហើយមិត្តភ័ក្ត្ររបស់អ្នកអាចទិញទំនិញដូចគ្នានេះតាមអ៊ិនធើណិតក៏បាន ខណៈដែលជីវិតរបស់យើងឆ្លងកាត់ទាំងពិភពពិត និងពិភពនិមិត្ត ដូច្នេះបច្ចេកវិទ្យាក៏ត្រូវទៅតាមដូច្នេះដែរ»៕