(ភ្នំពេញ)៖ បុរស និងស្ត្រីរងគ្រោះម្នាក់ បានរាប់គ្នាជាបងប្អូនធម៌ រយៈពេលជាង២ឆ្នាំ ខណៈស្ត្រីជាបងធម៌ កំពុងដេកលង់លក់ ដោយប្ដីមិននៅផ្ទះផងនោះ ស្រាប់តែបុរស ជាប្អូនធម៌ឃើញឱកាសល្អ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈ តែមិនបានសម្រេចត្រូវជាប់ខ្នោះនគរបាលខណ្ឌឫស្សីកែវ។

ករណីបុរសជាប្អូនធម៌ បានចាប់រំលោភបងស្រីធម៌ មិនបានសម្រេចនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បានកើតឡើងដោយសារតែ នៅមុនពេលកើតហេតុ ប្អូនស្រីនិងស្វាម៉ី របស់ស្ត្រីរងគ្រោះ ដែលស្នាក់នៅជាមួយគ្នានៅចំណុចកើតហេតុ បានចេញទៅចូល រួមមង្គលការសាច់ញា្ញត្តិនៅឯខេត្តតាកែវ ដោយនៅតែជនសង្ស័យ និងស្ត្រីរងគ្រោះតែ២នាក់ប៉ុណ្ណោះ និងដេកក្នុងបន្ទប់តែមួយ ខណៈមកដល់វេលាកើតហេតុស្ត្រីជាបងធម៌ ក៏បានដេកលង់លក់ ស្រាប់ជនសង្ស័យជាប្អូនធម៌ បានឆ្លៀតឱកាសទៅធ្វើសកម្មភាព ក្នុងបំណងចាប់រំលោភ តែមិនបានសម្រេចឡើយ ក៏ព្រោះតែជនរងគ្រោះ បានតបតទៅវិញរហូតរើបម្រាស់រួច ហើយក៏ស្រែកឆោរឡោរ ដោយរត់ចេញមកចាក់សោរ ពីខាងក្រៅបន្ទប់ ហើយក៏ស្រែកឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងទាំងយប់ និងបានទៅ
រកសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ឲ្យជួយអន្តរាគមន៍រហូត ដល់ព្រឹកទើបឃាត់ខ្លួនជនសង្ស័យបាន។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យដែលជាប្អូនធម៌ ត្រូវបានគេស្គាល់ថា មានឈ្មោះ ធា ម៉ៅ អាយុ២៤ឆ្នាំ មានមុខរបរកម្មករ ធ្វើថ្មម៉ាប។ រីឯបងស្រីធម៌មានឈ្មោះ ញឹម គន្ធា អាយុ៣៤ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សូមបញ្ជាក់ថា ជនសង្ស័យល្មោភកាម ត្រូវបាននាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕