(ភ្នំពេញ)៖ ក្រោមស្មារតីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយតាមសាលារៀនជនបទ ក្នុងប្រទេសកម្ពុជា គម្រោង «សាលារៀនសុវត្ថិភាព» ត្រូវបានសម្ពោធឡើង កាលពីឆ្នាំមុនក្នុងខេត្តស្ទឹងត្រែងដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិមនុស្សធម៌នៃក្រុមហ៊ុន Prudential Corporation Asia ទីស្នាក់ការថ្នាក់កណ្តាលប្រចាំតំបន់ នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា  ។

ដោយបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៣ គម្រោង «សាលារៀនសុវត្ថិភាព» គឺជាកម្មវិធីកសាងសមត្ថភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយថ្នាក់តំបន់មួយ របស់មូលនិធិព្រូដិនស៍ ដែលបាននិងកំពុងអនុវត្តនៅទូទាំងតំបន់អាស៊ាន ក្រោមភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ល្បីឈ្មោះជាច្រើន សំដៅជួយលើកកម្ពស់ភាពធន់ទៅនឹងគ្រោះមហន្តរាយធម្មជាតិ សម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ក្នុងសហគមន៍ងាយរងគ្រោះ។ កម្មវិធីនេះមានសសរស្តម្ភស្នូលបី គឺទីតាំងសិក្សាមានសុវត្ថិភាព ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងសាលា និងការអប់រំភាពធន់ និងកាត់បន្ថយហានិភ័យ ។

លោក ទូច ថាវរិទ្ធ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ បានថ្លែងថា «ទាំងបុគ្គលិកក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋ ឪពុក-ម្តាយ លោកគ្រូ-អ្នកគ្រូ និងអង្គការជាដៃគូរបស់យើងបានជុំគ្នា ដើម្បីសហការគ្នាធ្វើឲ្យសាលារៀនពងទឹកនេះ មានសុវត្ថិភាពជាងមុន នេះគឺជាផ្នែកមួយនៃការអនុវត្តគម្រោង «សាលារៀនមានសុវត្ថិភាព» ដែលគាំទ្រដោយមូលនិធិ ព្រូដិនស៍ និងអនុវត្តដោយអង្គការ ភ្លែនអន្តរជាតិ ជាមួយនឹងអង្គការមូលនិធិសិទ្ធិកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះយើងសង្ឃឹមថា នឹងជួយឲ្យឲ្យកុមារកម្ពុជា ក៏ដូចជាសាលារៀននៅក្នុងប្រទេសកម្ពុជា កាន់តែមានសុវត្ថិភាពបន្ថែមទៀតចំពោះកុមារយើង ហើយកុមារនឹងមានបរិយាកាសនៃការសិក្សាកាន់តែល្អប្រសើរ ដែលធ្វើឲ្យឲ្យគាត់មានចិត្តចង់រៀន ហើយការសិក្សារបស់គាត់កាន់តែមានការរីកចំរើនទៅមុខថែមទៀត» ។

លោក យី គីមថាន តំណាងអង្គការភ្លែនអន្តរជាតិ បានឲ្យដឹងថា «នៅក្នុងសាលាដែលយើងជ្រើសរើស នៅក្នុងស្រុក ថាឡាបរិវ៉ាត់នេះ យើងឃើញស្រាប់ហើយ មានការរងគ្រោះច្រើន ។ សាលាជាច្រើនមានអាគារទ្រុឌទ្រោម ហើយនៅពេលភ្លៀងមកសិស្សមិនអាចរៀនសូត្របានល្អ ពេលខ្លះពេលដែលក្តៅខ្លាំង ឬខែប្រាំង សិស្សមិនមានទឹកប្រើប្រាស់ ហើយគាត់ត្រូវដូរទីតាំងក្នុងការសិក្សា គឺសុទ្ធតែជាកត្តាដែលរំខានដល់ការសិក្សាកុមារ អញ្ចឹងទាក់ទងទៅនឹងគម្រោងនេះ គឺមានសារសំខាន់ណាស់សម្រាប់ជួយដល់អាយុជីវិតកុមារ ក៏ដូចជាជួយឲ្យកុមារ ទទួលបានការសិក្សា ប្រកបដោយគុណភាពផងដែរ» ។

លោក ថង ដេង នាយកសាលាបឋមសិក្សាពងទឹក បានលើកឡើងផងដែរថា «ថ្ងៃនេះ ខ្ញុំមានចិត្តត្រេកអរសប្បាយរីករាយឥតឧបមាគ្មានអ្វីប្រៀបបាន ដែលបានឃើញអង្គការមកចូលរួម ក្នុងសកម្មភាពរបស់ខ្ញុំ ដើម្បីធ្វើឲ្យសាលាមានសុវត្ថិភាព ។ នេះគ្រាន់តែផ្សព្វផ្សាយជាលើកទីមួយទេ ទៅមុខទៀត ដល់ពេលដែលគាត់យល់ច្បាស់ គឺប្រជាពលរដ្ឋយល់ច្បាស់ពី «សាលាមានសុវត្ថិភាព» នោះនឹងមានការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងភូមិ-ឃុំ និក្នុងសាលារៀន»។

គេរំពឹងទុកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ គម្រោងនេះនឹងសម្រេចបានសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត ដែលនឹងជួយបង្កើតបរិយាកាសរៀនសូត្រ ដែលមានសុវត្ថិភាព សម្រាប់កុមារ និងយុវវ័យកម្ពុជា ៕