(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ អគ្គិសនីកម្ពុជា នឹងធ្វើការតភ្ជាប់ការផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាប ដែលកន្លងទៅមិនទាន់ មានបណ្តាញអគ្គិសនី របស់រដ្ឋទៅដល់នោះឡើយ។

ការតភ្ជាប់បណ្តាផ្គត់ផ្គង់អគ្គិសនីនៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាបនេះ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា, លោក ទី នរិទ្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តផងដែរ​។

អគ្គិសនីកម្ពុជា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គិសនីកម្ពុជា បានយកចិត្តទុកដាក់សាងសង់ខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនី ពាសពេញផ្ទៃប្រទេសកម្ពុជា។ ដោយឡែកខេត្តកំពង់ឆ្នាំង បានទទួលថាមពលពីបណ្តាញជាតិ ២៣០គីឡូវ៉ុល តាំងពីឆ្នាំ២០១៣ ប៉ុន្តែក៏មានតំបន់ដាច់ស្រយាលមួយចំនួន ខណ្ឌដោយទន្លេសាប និងដៃទន្លេជាច្រើន ដែលពុំមានអគ្គិសនីប្រើប្រាស់ ហើយអគ្គិសនីកម្ពុជា បានខិតខំសាងសង់ខ្សែកាប្លិ៍កប់បាតទន្លេ ក៏ដូចជាអាកាស។

បើតាមអគ្គិសនីកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលខ្សែកាប្លិ៍បក់បាតទន្លេច្រើនជាងគេ រហូតដល់ចំនួន៥កំណាត់ ទៅភ្ជាប់កោះផ្សេងៗដែលខណ្ឌដោយទន្លេរួម៖

១៖ កោះកណ្តាល ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ព្រមទាំងបន្តឆ្លងទៅដីគោកនៃស្រុកជលគិរី មានប្រវែងសរុបប្រមាណ២គីឡូម៉េត្រ មាន២កំណាត់ ដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១៦។
២៖ ឆ្លងពីក្រុងកំពង់ឆ្នាំងកាត់តាមកោះចំនួន២ ឆ្ពោះទៅឃុំកំពង់ហៅ ទីរួមស្រុកកំពង់លែង មានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រ មាន៣កំណាត់ នឹងដាក់ឲ្យដំណើរការនៅដើមខែមេសា ឆ្នាំ២០១៧នេះ។

អគ្គិសនីកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ នឹងទទួលបានថាមពលប្រកបដោយគុណភាព ស្ថិរភាព និងថ្លៃសមរម្យជាមួយ តម្លៃដូចក្នុងប្រព័ន្ធបណ្តាញជាតិ ជំនួសម៉ាស៊ីនប្រើប្រេងម៉ាស៊ូតតូចៗ ក្នុងតម្លៃជិត៣,០០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ហើយពុំមានស្ថិរភាព និងគុណភាពល្អ។

អគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រជាពលរដ្ឋនឹងទទួលបានអត្រាថ្លៃស្មើ ៧៩០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង បូកបន្ថែមថ្លៃអនុគ្រោះចំនួន៣ទៀត ដូចខាងក្រោម៖

* ប្រើប្រាស់ក្នុង១ខែ តិចជាង១០គីឡូវ៉ាត់ម៉ោង អត្រាថ្លៃត្រឹមតែ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង
* ប្រើប្រាស់ក្នុង១ខែ ចាប់ពី១១ដល់៥០គីឡូវ៉ាត់ម៉ោង អត្រាថ្លៃត្រឹមតែ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង
* សហគមន៍បូមទឹកប្រើប្រាស់កសិកម្ម ពេលយប់ពីម៉ោង៩យប់ដល់៧ព្រឹក អត្រាថ្លៃត្រឹមតែ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ ទិសដៅសំខាន់នៅតំបន់នេះ គឺត្រូវធ្វើការពង្រីកការផ្គត់ផ្គង់ឲ្យអស់លទ្ធភាព ដែលបច្ចុប្បន្នមានការផ្គត់ផ្គង់បានត្រឹមតែចំនួន១,៤០០គ្រួសារ ឲ្យទៅដល់ចំនួនជាង១០,០០០គ្រួសារ៕