(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាសាលាខណ្ឌដូនពេញ​ លោក ហែម អាន និងលោក សុខ ពេញវុធ អភិបាលខណ្ឌ នៅរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីក្រោម​ឱវាទរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្តអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានមកដល់នេះ និងឡើងសាលាខណ្ឌដូនពេញថ្មី ដែលស្ថិតនៅអគារអតីតសកលវិទ្យាល័យន័រតុន តាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ក្នុងពិធីនេះក៏មាន​ការចូលរួមពីអភិបាលរង នាយយករដ្ឋបាល​ នាយរងរដ្ឋបាល ប្រធានអង្គភាព ប្រធានការិយាល័យ ចៅសង្កាត់ទាំង១១ និងលោក-លោកស្រី ប្រធានផ្សារទាំង៣នៅក្នុងមូលដ្ឋាន​ រួមទាំងមន្ត្រីរាជការក្រោមចំណុះជុំវិញសាលាខណ្ឌជាច្រើននាក់ទៀត។

លោក ចាប ឌីណា នាយករងសាលាខណ្ឌដូនពេញ បានឲ្យដឹងថា នៅក្នុងពិធីនោះដែរ ថ្នាក់ដឹកនាំខណ្ឌដូនពេញ និងមន្ត្រីក្រោមឱវាទទាំងអស់ក៏ បាននិមន្តព្រះសង្ឃសូត្រមន្ត និងរាប់បាត្រព្រមទាំងបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតារក្សាឆ្នាំថ្មី ឆ្នាំវកជាដើមនោះ សូមជួយប្រោះព្រហ្មសេរី សួស្តីជ័យមង្គលអាយុយឺនយូរ ឈ្នះរោគាទាំងឡាយ និងបួងសួងសុំសេចក្តីសុខគ្រប់ៗគ្នា ។

បន្ទាប់ពីពិធីសូត្រមន្តចំរើនព្រះបរិត្តរួចហើយ លោក ហែម អាន និងលោក សុខ ពេញវុធ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់គ្នា ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ ព្រះសង្ឃចំនួន៩អង្គ ដែលនិមន្តមកពីវត្តនានាចំនួន៧វត្ត ដែលស្ថិតនៅក្នុងខណ្ឌដូនពេញប្រកប ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ហើយមុននឹងបញ្ចប់កម្មវិធី ក៏មានរបាំត្រុដិ មករាំជូនពរ និងដេញឧបទ្រពចង្រៃ ពីឆ្នាំចាស់នាំមកវិញនូវសិរីសួស្តីជ័យមង្គល សម្រាប់ឆ្នាំថ្មីនេះ ដល់លោកអភិបាល និងមន្ដ្រីនៅក្រោមឱវាទទាំងអស់ ទទួលបានជោគជ័យក្នុងការងារតទៅទៀត​៕