(ភ្នំពេញ)៖ លោក អ៊ូ ឬទ្ធី​ ប្រធានគណៈកម្មការស្ម័គ្រចិត្ត ក្នុងកម្មវិធី «ពិព័រណ៍កម្ពុជា២០១៧» នៅប្រទេសជប៉ុន បានបញ្ជាក់នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះថា អ្នកចូលរួមអាចនឹងកើនឡើងដល់ទៅ១០ម៉ឺននាក់ ប្រសិនកត្តាអាកាសធាតុអំណោយផល ហើយនេះក៏ជាជោគជ័យមួយដែរសម្រាប់កម្ពុជា ដែលមានប្រជាជនកម្ពុជារស់នៅជប៉ុន និងប្រជាជនជប៉ុនផ្ទាល់ផងដែរ។

ក្នុងកម្មវិធីសន្និសីទកាសែត «ពិព័រណ៍កម្ពុជា២០១៧» នៅប្រទេសជប៉ុន ត្រូវបានធ្វើឡើងនៅស្រណោះតន្រ្តី ដែលមានការចូលរួមពី លោក សាំង លីស្រេង ប្រធានសហគមន៍សខ្មែរនៅជប៉ុន លោក អ៊ូ ឬទ្ធី​ ប្រធានគណៈកម្មការស្ម័គ្រចិត្ត អ្នកនាង ម៉េង កែវពេជ្ជតា, លោក ព្រាប សុវត្តិ, កញ្ញា មាន សុនីតា, លោក អ៊ាម វណ្ណី រួមនឹងលោក សូ ស្រណស់ ផងដែរ។

លោក អ៊ូ ឬទ្ធី បានឲ្យដឹងថា កម្មវិធី «ពិព័រណ៍កម្ពុជា២០១៧» នៅប្រទេសជប៉ុន ចាប់ផ្តើមនៅថ្ងៃទី០៣ ខែឧសភា និងបញ្ចប់ទៅវិញ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ សម្រាប់តារាចម្រៀងកម្ពុជានឹងចេញដំណើរ នៅថ្ងៃទី៣០ ខែមេសា មុខនេះ។

លោកបន្តថា «កាលពីឆ្នាំ២០១៦ មានអ្នកចូលរួមរហូតដល់៤ទៅ៥ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ ប្រសិបបើអាកាសធាតុល្អ​មិនរាំងស្ទះដល់កម្មវិធីមួយនេះ ខ្ញុំអាចនឹងមានរហូតដល់ទៅ១០ម៉ឺននាក់»។ ​លោកបានបន្ថែម​ទៀតថា ការបង្កើតនូវកម្មវិធី «ពិព័រណ៍កម្ពុជា២០១៧» នេះឡើង គឺដើម្បីឲ្យប្រជាជនជប៉ុននៅទីនោះផ្ទាល់ បានដឹងពីលិស្បៈបុរាណ និងសម័យរបស់កម្ពុជា។ ជាចុងក្រោយលោក​ក៏សូមថ្លៃអំណរគុណដល់ តារាចម្រៀងជាច្រើនដួង ដែលនឹងទៅចូលរួមក្នុងកម្មវិធីនោះផងដែរ ទោះបីជាមានការរវល់ យ៉ាងណានៅប្រទេសកម្ពុជាក៏ដោយ។

ជាមួយគ្នានោះដែរតារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ព្រាប សុវត្ថិ រួមនឹងតារាផ្សេងៗទៀត បានបង្ហាញនូវក្តីសប្បាយរីករាយ ក្នុងឱកាសដែលបានចូលរួមក្នុង «ពិព័រណ៍កម្ពុជា២០១៧» នៅប្រទេសជប៉ុននេះ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកម្ពុជាបានបង្កើតនូវកម្មវិធី «ពិព័រណ៍កម្ពុជា២០១៧» នៅប្រទេសជប៉ុន នេះឡើង ហើយមានប្រជាពលនៅប្រទេសជប៉ុន ចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ៕