(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៉ីម៉ាក់ បានបញ្ជាក់នៅថ្ងៃទី៣ ខែមេសា​នេះថា នៅសប្តាហ៍នេះមន្ត្រីស៉ីម៉ាក់ចំនួន២៣រូប និងសុនខហិតមីនចំនួន១២ក្បាល នឹងត្រូវចេញដំណើរ​ទៅបំពេញ​បេសកកម្ម​ដោះមីន នៅប្រទេសអ៉ីស្រាអ៊ែល។    

លោក ហេង រតនា បានបញ្ជាក់ថា មន្ត្រីស៉ីម៉ាក់ដែលត្រូវទៅបំពេញបេសកកម្មនៅអ៉ឺស្រាអែល ត្រូវបានចែកចេញជា២ក្រុម គឺក្រុមទី១ត្រូវចេញពីកម្ពុជានៅថ្ងៃទី០៥ ខែមេសា ទៅដល់អ៉ីស្រាអែលនៅថ្ងៃទី៦ ខែមេសា។ សម្រាប់ក្រុមទី២ នឹងចេញពីកម្ពុជានៅថ្ងៃទី៨ ខែមេសា ទៅដល់ប្រទេសអ៉ីស្រាអែល នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។

លោកបន្តថាសម្រាប់បេសកកម្មនេះ ត្រូវបានអនុម័តពីស្ថាប័នជំនាញ របស់អ៉ីស្រាអ៊ែល​ ដូចជា​ក្រសួង​ការពារជាតិ​ និងក្រសួងមហាផ្ទៃរបស់អ៉ីស្រាអែលរួចរាល់ហើយ។

ជាមួយគ្នានេះ អគ្គនាយករូបនេះបានលើកឡើងទៀតថា ដោយសារតែតំរូវការបេសកកម្មនេះ ទើបបងប្អូនដែលជា​មន្ត្រីស៉ីម៉ាក់ទាំង២៣រូបនោះ មិនបានចូលរួមបុណ្យចូលឆ្នាំថី្ម ប្រពៃណីខែ្មរជួបជុំគ្រួសារនោះ ហើយបេសកកម្មនេះ អាចជាមូលដ្ឋានបទពិសោធន៍យ៉ាងសំខាន់ សំរាប់ការអនុវត្តស្តង់ដារប្រតិបតិ្តការ​ ក្នុងលក្ខខណ្ឌដ៍ពិសេស។

លោក ហេង រតនា បានលើកឡើងទៀតថា «ឆ្លៀតក្នុងឱកាសនេះ សូមអរគុណ​ ចំពោះបងប្អូនទាំងអស់ដែល បានខិតខំ​ហ្វឹកហ្វឺន និងឆ្លងកាត់ការធ្វើតេស្តជាប់ដោយជោគជ័យ​ និងជាពិសេសសូមអរគុណ ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ ដែលបានផ្តល់ការគាំទ្រ យ៉ាងសកម្មចំពោះការងារនេះ»។

បើតាមការបញ្ជាក់របស់មន្ត្រីស៉ីម៉ាក់បានឲ្យដឹង បេសកកម្មដោះមីននៅអ៉ីស្រាអែលនេះ មានរយៈពេលខ្លីប៉ុណ្ណោះ ប្រមាណ​៤ខែ ប៉ុន្តែប្រសិនបើកសកម្មភាពនេះ មានលទ្ធផលល្អនោះ អាចនឹងមានការចុះកិច្ចព្រមព្រៀងរយៈវែងផងដែរ៕