(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងជំរុញ​ដល់កងកម្លាំង នគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងឈរជើងនៅតាមព្រំដែនទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យ និងចាប់បញ្ជូនជនបរទេសទាំងឡាយ ដែលចូលមករស់ច្បាប់ ឲ្យត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញយ៉ាងដាច់ខាត។

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល បានពាំនាំថវិកា និងគ្រឿងឧបភោគ-បរិភោគជាច្រើន ជូនដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលឈរជើងប្រចាំការ នៅប៉ុស្តិ៍នគរបាលច្រកព្រំដែនដូង ខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលច្រកព្រំដែនព្រុំ ខេត្តប៉ៃលិន។

នាយ​ឧត្តមសេនីយ៍​បាន​សង្កត់ធ្ងន់ថា «ទី១-​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​ជនបរទេស​ណា ​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ ហើយ​ត្រូវ​តែ​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ស្រុក​កំណើត​វិញ​ជា​ដាច់ខាត និង​ទី​២-​បើ​ជនអន្តោប្រវេសន៍​នោះ​មាន​លិខិត​ស្នាម  ឬ​ឯកសារ យើង​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​ពិតប្រាកដ ឬ​ក្លែងក្លាយ»

ក្នុងឱកាសសំណេះសំណាលជាមួយកម្លាំងនគរបាល ទាំងពីរអង្គភាពខាងលើនាយឧត្តមសេនីយ៍ សុខ ផល បានផ្តាំផ្ញើដល់កម្លាំងនគរបាលទាំងអស់ថា ត្រូវយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា បទល្មើសឆ្លងដែននានា ពិសេសការឆ្លងដែនចូលរបស់ជនបរទេសទាំងឡាយ ព្រមទាំងត្រូវពង្រឹងបន្ថែម លើការងារការពារសណ្ដាប់ធ្លាប់ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ឲ្យបានតឹងរឹងជាងមុន។

លោកអគ្គនាយកក៏បានដាស់តឿនជាថ្មីផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ កម្លាំងការពារច្រកព្រំដែនទាំងអស់ គប្បីមើលការខុសត្រូវជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវជាប់ជានិច្ច កុំឲ្យជនឱកាសនិយមឆ្លៀតឱកាសប្រព្រឹត្តបទល្មើសនានា ដែលអាចរំខានដល់ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះនាយ​ឧត្តមសេនីយ៍ សុខ ផល ក៏បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ទាំងអស់​ត្រូវ​តែ​គោរព​តួនាទី​របស់​ខ្លួន មិន​ត្រូវ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ត្រូវ​រួសរាយ​រាក់ទាក់ ក្នុង​កិច្ចការ​ទទួលភ្ញៀវ។  នាយ​ឧត្តមសេនីយ៍ ​បាន​បញ្ជាក់​ទៀត​ថា «កងកម្លាំង​នគរបាល​អន្តោប្រវេសន៍​ត្រូវ​តែ​ខិតខំ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​បរទេស មិន​ត្រូវ​អសកម្ម​ក្នុង​ការងារ​នោះ​ឡើយ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​នគរបាល​អន្តោប្រវេសន៍​មាន​តួនាទី​ការពារ​សន្តិសុខ​ជាតិ ដូច​ជា៖ ចុះ​ល្បាត​តាម​ព្រំដែន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង ជា​ពិសេស​គឺ​ទំនាក់ទំនង​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ជិតខាង»

ក្នុងដំណើរចុះសួរសុខទុក្ខកម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ សុខ ផល បានចែកជូននូវអំណោយមួយចំនួន មានថវិកា២០លានរៀល អង្ករ២តោន ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង អំបិល ខ្ទឹមស ជាដើម។

ក្រោយពីបញ្ចប់សកម្មភាពចុះមូលដ្ឋានខាងលើហើយ លោកបានដឹកនាំក្រុមការងារ បន្តចុះត្រួតពិនិត្យការងារ​សាងសង់​អង្គភាព កន្លែងស្នាក់នៅ និងកន្លែងធើ្វការរបស់កងកម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកព្រំដែនអន្តរជាតិព្រុំ ក្នុងខេត្តប៉ៃលិន ដោយបានឧបត្ថមនូវអំណោយ ជាគ្រឿងឧបភោគ-បរិភោគមួយចំនួនផងដែរ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ត្រីខ ប៊ីចេង ខ្ទឹមសរ ទឹកបរិសុទ្ធ និងថវិកាចំនួន ២០,០០០,០០០រៀល ដល់មន្ត្រីប៉ុស្តិ៍៕