(ភ្នំពេញ)៖ ស្ថាប័នពាក់ព័ន្ធមួយចំនួន តំណាងឲ្យភាគីកម្ពុជា បានពួតដៃគ្នានាំយកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ដាក់បញ្ចូលក្នុង «យុទ្ធនាការទស្សនាអាស៊ានខួបទី៥០ (Visit ASEAN@50)» ដើម្បីពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក ឲ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាព្រឹត្តិការណ៍នេះនៅកម្ពុជា កាន់តែច្រើនឡើង។  

តំណាងស្ថាប័នខាងភាគីកម្ពុជានោះមានលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្រ្តី ថោង ខុន រួមជាមួយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការ រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៧ ព្រមទាំងភាគីរដ្ឋ-ឯកជនជាច្រើននាក់ទៀត។

យុទ្ធនាការទស្សនាអាស៊ាន ខួបទី៥០ និងការផ្សព្វផ្សាយព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត២០១៧នេះ ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។ ពិធីនេះក៏ភ្ជាប់ជាមួយកិច្ចប្រជុំ គណៈកម្មការទេសចរណ៍អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានអ្នកចូលរួម ប្រមាណ៥០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មកពីប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ានជាង៦០នាក់ ផងដែរ។

លោក ទិត ចន្ថា បានបញ្ជាក់ថា «អង្គរសង្ក្រាន្ត ជាព្រឹត្តិការ៍ទេសចរណ៍ដ៏សំខាន់បំផុត មិនមែនសម្រាប់តែកម្ពុជា ប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ ទេសចរណ៍ធំមួយ សម្រាប់អាស៊ានទាំងមូល។ យើងបានបញ្ជូនព្រឹត្តិការណ៍នេះ ទៅក្នុងយុទ្ធនាការទស្សនា អាស៊ានខួបទី៥០ ដើម្បីទាក់ទាញភ្ញៀវទេសចរក្រៅតំបន់ ឲ្យចូលមកទស្សនាកម្ពុជា និងអាស៊ាន ឲ្យកាន់តែច្រើនថែមទៀត»

លោកបានបន្តថា ក្រុមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន បានប្រមូលព្រឹត្តិការណ៍ធំៗរបស់ខ្លួន រួមបញ្ចូលគ្នា ដើម្បីយកទៅផ្សព្វផ្សាយ ទៅដល់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិនានា ឲ្យមកទស្សនាអាស៊ាន ខណៈដែលកម្ពុជា ក៏បានយកព្រឹត្តិការណ៍ អង្គរសង្គ្រាន្តនេះ ទៅចូលរួមក្នុងព្រឹត្តិការណ៍ធំៗរបស់អាស៊ាននោះដែរ។

ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត មិនគ្រាន់តែជាព្រឹត្តិការណ៍ ដែលនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែអង្គរសង្គ្រាន្តបានប្រមូលផ្ដុំ នូវគ្រប់ទម្រង់ នៃវប្បធម៌ ប្រពៃណី សិល្បខ្មែរ ដែលគេចាត់ទុកជាវប្បធម៌ ប្រពៃណី ដ៏សម្បូររុងរឿង។ តាមរយៈព្រឹត្តិការណ៍នេះគេបាន មើលឃើញថា វប្បធម៌ សិល្បៈ ប្រពៃណី របស់ជនជាតិខ្មែរ ត្រូវបានផ្សព្វផ្សាយកាន់តែទូលាយ នៅលើឆាកអន្តរជាតិ។ ទន្ទឹមនោះផងដែរ ព្រឹត្តិការណ៍ដ៏ធំនេះ នឹងលើកកម្ពស់ស្មារតីភ្ញាក់រឭករបស់ប្រជាជនខ្មែរ ឲ្យចូលរួមកាន់តែច្រើន ក្នុងការការពារ និងអភិរក្សវប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់របស់ខ្លួនថែមទៀត។

លោក ទិត ចន្ថា បានអះអាងថា ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត នឹងត្រូវរៀបចំធ្វើជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយកាន់តែធំតាមតែ អាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះតាមរយៈព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរអន្តរជាតិ នឹងបានរៀនសូត្របន្ថែម ពីវប្បធម៌ ប្រពៃណីរបស់ខ្មែរ។

​លោកក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកចូលរួមក្នុងពិធីអង្គរសង្គ្រាន្ត ឆ្នាំ២០១៧នេះ ត្រូវគោរពតាមបទបញ្ជា ការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច និងគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព។

ក្នុងឱកាសបុណ្យទន្លេកន្លងទៅ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានឲ្យដឹងដែរថា អាស៊ានបានជ្រើសរើសយក បុណ្យទន្លេ បុណ្យសមុទ្រ អង្គរសង្ក្រាន្ត បុណ្យអុំទូក កីឡារត់ពាក់កណ្តាលម៉ារ៉ាតុងអង្គ របស់ខ្មែរ ដាក់បញ្ចូលក្នុងយុទ្ធនាការផ្សព្វផ្សាយ «ASEAN@50» របស់ខ្លួនផងដែរ៕