(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទសម៉ាឡេស៊ី បានជួយអន្តរាគមន៍ដោះស្រាយ បញ្ហាជូនពលការិនីខ្មែរចំនួន៤នាក់ ដែលបានទៅ ធ្វើការជាស្រ្ដីបំរើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ហើយនៅថ្ងៃនេះ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ។

ពលការិនីខ្មែរទាំង៤នាក់ ខាងលើនេះ រួមមាន៖ ទី១៖ ពលការិនី ធ.ស អាយុ២០ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានទៅម៉ាឡេស៊ី ធ្វើការជាអ្នក បោសសំអាត កាលពីខែសីហា ឆ្នាំ២០១៥។ ដោយការងារលំបាកពេកនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នាងបានស្នើសុំស្ថានទូត ជួយអន្តរាគមន៍។ ទី២៖ ពលការិនី យ.សរ អាយុ២៨ឆ្នាំ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទៅម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត ក្នុងខែធ្នូ ឆ្នាំ២០១៥។ ដោយធ្វើការលំបាកពេក នាងបានមកស្ថានទូត នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្នើសុំជួយជួយអន្តរាគមន៍ និងទី៣៖ ពលការិនី សរ.យ  អាយុ៣៧ឆ្នាំ មកពីស្រុកគូលេន ខេត្តព្រះវិហារ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត កាលពីខែមីនា ឆ្នាំ២០១៦ ដោយការងារលំបាកពេក នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នាងបានមកស្នើសុំអន្តរាគមន៍ពីស្ថានទូត។

ពលការិនីទាំង០៣រូបនេះ បានទៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជក របស់ពលការិនីទាំង០៣រូបខាងលើ បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូនពលការិនី។

ដោយឡែកទី៤៖ ពលការិនី ច.គន អាយុ២៤ឆ្នាំ មកពីក្រុងប៉ៃលិន បានធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនថៃចូលទៅម៉ាឡេស៊ី ធ្វើការ តាមផ្ទះ ក្នុងខែសីហា ឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុនមួយ (មិនចាំឈ្មោះ) នៅកម្ពុជា។ ដោយធ្វើការលំបាកពេកនាង បានទៅស្ថានទូត នៅថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០១៧ ស្នើសុំជួយទាមទារប្រាក់ខែពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

សូមជម្រាបថា ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ជូននាង។ ស្ថានទូតបានផ្តល់ កន្លែងស្នាក់នៅ និងអាហារបរិភោគជូនពលការិនីទាំង០៤រូបខាងលើ ហើយពួកគាត់បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង០៧៖៥០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ តាមជើងយន្តហោះ AK536៕