(ព្រះសីហនុ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវណែនាំដល់កម្មករ-កម្មការិនី ឱ្យទៅទទួលសេវាថែទាំសុខភាព ២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យនានាដែលបានចុះកិច្ចព្រមព្រៀង​ជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទូទាំង២៥រាជធានី-ខេត្ត ចំនួន ១,២២៤កន្លែង។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៦ រោងចក្រសហគ្រាសដែលបានចុះបញ្ជីមក ប.ស.ស មានចំនួន ៣៤៣រោងចក្រ​ មានកម្មករជាង៣០ម៉ឺននាក់ ហើយកម្មករទៅទទួលសេវាពីមន្ទីរពេទ្យ មានចំនួនជាង៦ម៉ឺននាក់។

លោក អ៊ិត សំហេង បានបន្តថា អត្ថប្រយោជន៍របបថែទាំសុខភាព ដែលកម្មករទទួលពី ប.ស.ស រួមមាន៖
១៖​ ទទួលបានសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ
២៖ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ
៣៖ ទទួលសេវាពិនិត្យសុខភាព មុន​ និងក្រោយពេលសម្រាកមាតុភាពដោយឥតគិតថ្លៃ
៤៖ ទទួលសេវាសម្រាលកូនដោយឥតគិតថ្លៃ
៥៖ ទទួលបានសេវាថែទាំ​ និងបង្ការសុខភាពដោយមិនគិតថ្លៃ
៦៖​ រយៈពេល៣ខែ ឈប់សម្រាកមាតុភាពទទួលបានប្រាក់ខែ ៥០% ពីថៅកែរោងចក្រ​ និងទទួលបាន ៧០% ពី ប.ស.ស សរុប ១២០%។

សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យចំនួន ១៦កន្លែង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មណ្ឌលសុខភាពក្រុងព្រះសីហនុ, មណ្ឌលសុខភាពសង្កាត់១, មណ្ឌលសុខភាពវាលរេញ, មណ្ឌលសុខភាពអណ្តូងថ្ម, មណ្ឌលសុខភាពទឹកល្អក់, មណ្ឌលសុខភាពទួលទទឹង, មណ្ឌលសុខភាព​ស្ទឹងហាវ, មណ្ឌលសុខភាព ហ៊ុន សែន កែវផុស, មណ្ឌលសុខភាពជើងគោ, មណ្ឌលសុខភាពអូរឧកញ៉ាហេង, មណ្ឌលសុខភាពអូរជ្រៅ, មណ្ឌលសុខភាពអូរតាសេក, មណ្ឌលសុខភាពតក្កវិទ,មណ្ឌលសុខភាពរាម, មណ្ឌលសុខភាពព្រៃនប់។

នៅចុងឆ្នាំ២០១៧នេះ ក្រសួងការងារ គ្រោងនឹងដាក់ឱ្យដំណើរការ នូវរបបសោធននិវត្តន៍ សម្រាប់កម្មករនិយោជិត។ ផ្អែកតាមច្បាប់សន្តិសុខសង្គម កម្មករនិយោជិតដែលកំពុងបម្រើការងារ នៅតាមសហគ្រាស គ្រឹះស្ថាន ជាពិសេសកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រកាត់ដេរ នឹងទទួលបានប្រាក់ខែចូលនិវត្តន៍ នៅពេលដែលពួកគាត់មានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ៕