(កំពង់ស្ពឺ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន  បានផ្ដល់អំណោយមនុស្សធម៌ជូនដល់ គ្រួសារចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ចំនួន៣៣៥គ្រួសារ មកពីភូមិចំនួន១៩ នៃឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តតាលូតមានជ័យ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ។

នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអ្នកទទួលផល លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានពាំនាំ ប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ និងបានជម្រាបជូនប្រសាសន៍ណែនាំមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានខ្លឹមសារថា ៖

១/ សូមថែរក្សាសុខភាព និងមានអនាម័យល្អ គឺត្រូវពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ដើម្បីបង្ការជំងឺគ្រុនឈាម និងគ្រុនចាញ់

២/ ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព ឲ្យបានទៀងទាត់ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព

៣/ សូមការពារខ្លួន កុំឲ្យឆ្លងមេរោគអេដស៍ និងសូមកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍

៤/ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ច នៅពេលបើកបរ ដើម្បីការពារពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុ

៥/ សូមចូលរួមថែរក្សានូវសុខសន្តិភាព ព្រមទាំងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកុំពិសារគ្រឿងស្រវឹង ដែលជាកត្តាបង្កឲ្យមានអំពើហិង្សា អំពើចោរកម្ម និងអសន្តិសុខក្នុងសង្គម ។

ប្រជាពលរដ្ឋ ដែលមកទទួលអំណោយទាំងអស់ មានក្ដីរំភើបរីករាយក្រៃលែងព្រោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានជួយពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងប្រទេស នៅពេលជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬរើសអើងនិន្នាការនយោបាយអ្វីឡើយ។

អំណោយមនុស្សធម៌ ដែលត្រូវផ្ដល់ជូនក្នុងគ្រួសារនីមួយៗ ទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕