(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងឲ្យដឹងថា នៅថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សាទៅលើរបៀបវារៈមួយចំនួន ក្រោមអធិបភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាស្អែកនេះ គឺជាការបើកិច្ចប្រជុំផ្តើមនូវបវេសន​កាលរបស់រដ្ឋសភា បន្ទាប់ពីការឈប់សម្រាកបានបញ្ចប់នៅចុងខែមីនាកន្លងទៅនេះ ដូច្នេះការបើកកិច្ចប្រជុំនៅថ្ងៃស្អែក នឹងមានព្រះរាជសារបើកបវេសនកាលរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

បើតាមលោក ឡេង ប៉េងឡុង កិច្ចប្រជុំស្អែកនេះ នឹងពិនិត្យរបាយការណ៍លទ្ធផលការងារ​របស់រដ្ឋសភាចន្លោះសម័យ​ប្រជុំលើកទី៧ និងទី៨, ពិនិត្យសេចក្តីស្នើវិសោធនកម្មច្បាប់នៃលក្ខន្តិកៈរបស់មន្រ្តីរាជការនីតិបញ្ញត្តិ និងពិនិត្យទៅលើសេចក្តី​ស្នើច្បាប់ស្តីពីអនុសញ្ញារបស់អាស៊ាន ពាក់ព័ន្ធទំនាក់ទំនងអាស៊ាន និងកូរ៉េ៕