(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំថ្នាក់កំពូល នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បានសម្រេចរក្សាក្បាលម៉ាស៊ីនថ្មីរបស់ខ្លួនឱ្យនៅដដែល ដោយពុំមានការកែប្រែនោះទេ ប៉ុន្តែគណបក្សនេះ បានសម្រេចលុបចោលសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដោយមិនអ​នុញ្ញាតឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្ស សង្រ្គោះជាតិដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រលប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ។

ក្បាលម៉ាស៊ីនថ្មីរបស់គណបក្សសង្រ្គោះជាតិ ដែលគណៈកម្មាធិការនាយក សម្រេចរក្សាទុកឱ្យនៅដដែលនោះ គឺ លោក កឹម សុខា នៅតែជាប្រធានគណបក្ស ដោយមានអនុប្រធាន៣រូបរួមមាន៖ លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ។

លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់ក្រុមសារព័ត៌មាននៅក្រោយកិច្ចប្រជុំថា គណបក្សបានសម្រេចដកចេញពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដោយមិនអ​នុញ្ញាតឱ្យប្រើប្រាស់ ប្រសិនសកម្មជនរបស់គណបក្សនៅប្រើប្រាស់ទៀតនោះទទួលខុសត្រូវដោយខ្លួនឯង គណបក្សមិនទទួលខុសត្រូវទេ។  

សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បានបើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដើម្បីរៀបចំ កែសម្រួលក្បាលម៉ាស៊ីនរបស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈដែលតម្កល់ទុក និងទើបទទួលស្គាល់នៅក្រសួងមហាផ្ទៃ។ កិច្ចប្រជុំដឹកនាំដោយ កឹម​ សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងអនុប្រធាន២រូបរួមមាន៖ លោក ប៉ុល​ ហំម និង លោក អេង ឆៃអ៊ាង។

កាលពីព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ការធ្វើវិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ប៉ុន្តែក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវលក្ខនិ្តកៈថ្មីរបស់ខ្លួននេះ៕