(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ នឹងអញ្ជើញ ជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលមានទំហំធំ។   

មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។

មហាវិថីសម្តេចតេជោ ហ៊ុន សែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះថា ការដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែនេះ  នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងសម្រួលចរាចរណ៍ កាត់បន្ថយ ការកក់ស្ទះចរាចរណ៍នៅតំបន់ចាក់អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុងក្រុងតាខ្មៅផងដែរ។

មហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែសម្រួលឲ្យអ្នកដំណើរអាចធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ចំណុច ព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាលប៉ុណ្ណោះទេ។ មហាវិថីនេះ ក៏បានភ្ជាប់ជាមួយផ្លូវក្រវាត់ក្រុង ដែលជួយឲ្យប្រជាពលរដ្ឋ នៅក្នុងតាខ្មៅ ឬនៅតាមសង្កាត់ចាក់អង្រែលើ អង្រែក្រោម ក៏ដូចជាអ្នករាជធានីភ្នំពេញ អាចធ្វើដំណើរកាត់មហាវិថីនេះ ឆ្ពោះទៅផ្លូវចំការដូង ឆ្ពោះទៅកាន់ផ្លូវជាលេខ៣ និងផ្លូវជាតិលេខ៤ ថែមទៀតផង៕