(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការពិសាចំណីអាហារ និងការបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅខាងមុខនេះ។

រដ្ឋមន្ដ្រីលើកឡើងបែបនេះ ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ ។

រដ្ឋមន្ដ្រីបន្ដថា «ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិយើង ដែលនិងឈានជិតមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការបរិភោគចំណីអាហារនានា មិនថានៅទីណាកន្លែងណាទេ ទាំងបន្លែង ផ្លែឈើ នំចំណី ត្រូវលាងទឹកឲ្យស្អាត ចម្អិនឲ្យបានឆ្អិនល្អ បន្លែង ឬសាច់ ឆ្អិន ឆៅ ត្រូវដាក់ដោយឡែកពីគ្នា ហើយសម្រាប់នៅទីវត្ដអារាម សូមលោកតា លោកយាយ ត្រូវលាងចានឆ្នាំងឲ្យបានស្អាត ទឹកដាំឲ្យបានពុំ ការដាក់ម្ហូបអាហារ ឲ្យមានអនាម័យ ជៀសវាងការពុលចំណីអាហារកើតមានឡើង»

រដ្ឋមន្ដ្រីថ្លែងទៀតថា « សម្រាប់ការបើកបរវិញក៏ដូច្នេះដែរ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច គោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ កុំជិះជែងគ្នា កុំតាមកំហឹងឲ្យសោះ ពិសេស ពិសាស្រា សូមកុំបើកបរ បើកស្រវឹងហើយអាចសម្រាកសិន កុំឲ្យថ្ងៃសប្បាយក្លាយជាទុក្ខឲ្យសោះ»

រដ្ឋមន្ដ្រីបន្ដថា ហើយសម្រាប់ថ្ងៃនេះវិញ ក្រុមគ្រូពេទ្យ បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ទាំងជំងឺទូទៅ, រោគស្រី្ដ,ទឹកនោមផ្អែម, ភ្នែក, ត្រចៀក, ច្រមុះ, និងជំងឺផ្សេងៗទៀត ហើយក្នុងឱកាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សូបសិរីសួស្ដី រកស៊ីមានបាន សុភមង្គលគ្រប់ក្រុមគ្រួសារ៕