(បាត់ដំបង)៖ ពីទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក្នុងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅកាន់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ថា ត្រូវស្វែងយល់ឲ្យបានច្បាស់ ពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជៀសវាងជឿលើការអូសទាញ និងចេតនាអាក្រក់ណាមួយ ឲ្យយល់ច្រលំមកលើរាជរដ្ឋាភិបាល។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ ក្នុង​ពិធីជួបសំណេះសំណាលសួរសុខទុក្ខយោធិន គ្រួសារយោធិនពលី យោធិនពិការ និងនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់អង្គភាពដៃគូសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាគារជាតិ​។

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះយោធិនជំនាន់មុន និងជំនាន់បច្ចុប្បន្នដែលបានលះបង់ និងចូលរួមបម្រើជាតិមាតុភូមិ ព្រោះការការពារថែរក្សាបូរណភាពទឹកដី គឺជាតួនាទីរបស់កងទ័ព ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ ហើយ​កងទ័ពការពារជាតិ និងប្រជាជនដើម្បីរស់នៅ ក្នុងភាពសុខសាន្ត ដូច្នេះទាំងអស់គ្នាជួយដល់កងទ័ពវិញ ចំពោះការលះបង់ ចូលរួមការពារ បម្រើជាតិមាតុភូមិ។

បើតាម លោក ហ៊ុន ម៉ាណែត គោលនយោបាយរបស់រាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ច្រើនណាស់ ចំពោះមន្រី្តរាជការ កម្លាំងប្រដាប់អាវុធ សំដៅលើកស្ទួយទាំងកម្រិតជីវភាព និងកិត្តិយស។ ជាក់ស្តែងរាជរដ្ឋាភិបាល បានតម្លើងប្រាក់បៀវត្សមន្រី្តរាជការ កម្លាំងប្រដាប់អាវុធ២ដងក្នុងឆ្នាំ២០១៧ គឺដើមខែមករា និងខែមេសាដែលនេះ គឺជាការគោរពថ្លែងអំណរគុណ ចំពោះគុណូបការៈ របស់កងទ័ពក្នុងការស្វែងរកសុខសន្តិភាព ការពារបូរណៈភាពទឹកដី និងបម្រើជាតិមាតុភូមិ និងប្រជាជន។

លោកបន្ថែមថា ទន្ទឹមនឹងនេះ ការដោះស្រាយមិនបានគ្រប់គ្រាន់ទាំងអស់ទេ ព្រោះការដឹកនាំអង្គភាពមួយ ការដឹកនាំប្រទេសបីដូចការដឹកនាំគ្រួសារមួយ ដែល​មិនអាចបំពេញតម្រូវការរបស់កូនៗ នៅក្នុងបន្ទុកនៅក្នុងគ្រួសារនោះបានទេ ប៉ុន្តែរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ និងខិតខំដោះស្រាយជាប់ជាប្រចាំហើយ ​បានដោះស្រាយបានច្រើន។

ជាមួយគ្នានោះដែរ លោក វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគាជាតិ បានលើកឡើងដែរថា រាជរដ្ឋាភិបាល និងសមរភូមិក្រោយ បានយកចិត្តទុកដាក់ លើកទឹកចិត្ត គាំទ្រទាំងផ្នែកសម្ភារៈ ថវិកា ស្មារតី ដើម្បីធានាឲ្យបាននូវការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ និងសេចក្តីសុខរបស់ប្រជាជន៕