(ភ្នំពេញ )៖ ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានប្រកាស​ចូលវិភាគទានសរុប២៧០,០០០ដុល្លារ​ក្នុងមូលនិធិសិល្បៈចាស់ជរា ដើម្បីជួយសម្រាលការលំបាក​របស់​សិល្បៈករ សិល្បៈការនី​ចាស់ជរា ដែលបាត់បង់សមត្ថភាព​សម្តែង និងមានជំងឺ។

បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថៃ្ងទី៣១ ខែមីនានេះថា ក្នុងមួយឆ្នាំ​ក្រុមហ៊ុន​នឹងចូលមូលនិធី​សិល្បៈចាស់ជរា​​ ៥០,០០០ដុល្លារ​រយៈពេលប្រាំឆ្នាំជាប់គ្នា ហើយយើងនឹងឧបត្ថម្ភ២០,០០០ដុល្លារទៀត​សម្រាប់កម្មវិធីកតញ្ញូរាត្រី​ដែលរៀបចំឡើង​ដោយ​សមាគម​មិត្តសិល្បៈស្ម័គ្រចិត្ត​ជួយសង្គម​នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដូច្នេះសរុបជា ទឹកប្រាក់​គឺ២៧០,០០០ដុល្លារ​។

​លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា ការរួមចំណែកនេះ នឹងក្លាយជាគំរូល្អមួយ​សម្រាប់ក្រុមហ៊ុនឯកជនផ្សេងទៀត និងសប្បុរសជន​នានា ក្នុងការជួយជ្រោមជ្រែង​និងគាំទ្រ​មូលនិធិសិល្បៈ​ចាស់ជរានេះ ដើម្បី​សម្តែងការដឹងគុណចំពោះពួកគាត់​ដែលបានចំណាយពេលស្ទើរអស់មួយជីវិតអភិរក្ស និងអភិវឌ្ឍ​សិល្បៈយើងឲ្យ​កូនខ្មែរជំនាន់​ក្រោយ និងពិភពលោក​បានទទួលស្គាល់​»

នាយកផ្នែកទំនាក់ទំនងរូបនេះ​បានបន្តទៀតថា «កន្លងមក​ស្រាបៀរកម្ពុជា​ដែលជាផលិតផលដំបូង​របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស តែងតែចូលរួមលើកស្ទួយ​សិល្បៈ និងជួយបង្កើនកម្រិតជីវភាព​របស់​សិល្បៈករ សិល្បៈការនីខ្មែរ តាម​រយៈការឧបត្ថម្ភ​និងរៀបចំការប្រគំតន្ត្រី​និងការសម្តែងសិល្បៈនានា​ជារៀងរាល់ឆ្នាំ​»

​ឆ្នាំ​ថ្មីនេះ ក្រុមហ៊ុននឹងមានផលិតផលជាច្រើនទៀតដូចជា​ស្រាបៀរទឹកខ្មៅ​Barrley Black ទឹកសុទ្ធ ទឹកក្រូច ទឹក​ផ្លែឈើ និងភេជ្ជៈប៉ូវកម្លាំង ដូច្នេះក្រុមហ៊ុន​នឹងបន្ថែមថវិកាប្រចាំឆ្នាំ​សម្រាប់​​ផលិតផលនីមួយៗ​ដើម្បីគាំទ្រ​និងលើកស្ទួយសិល្បៈកម្ពុជា​គ្រប់ទម្រង់បន្ថែមទៀត៕