(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជេស៊ីអ៊ែរឡាញ (JC International Airlines) បានរកឃើញហើយនូវ​ជយលាភីថតរូបធម្មជាតិ​ស្អាតជាងគេចំនួន ២០រូប ហើយក៏ត្រូវបានធ្វើពិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរជូនពួកគេនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីជាការលើកទឹកចិត្ត។

លោក ជាវ​ គីរីរម្យ ប្រធានផ្នែកផលិតកម្មរបស់ក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែឡាញ បានឲ្យដឹងថា បេក្ខជន-បេក្ខនារី ដែលទទួលបានជយលាភី សុទ្ធសឹងជាអ្នកមានថ្វីដៃក្នុងការថតរូបបែបធម្មជាតិ។ រង្វាន់អនុស្សាវរីយ៍ដែលបាន​ផ្តល់ជូននោះ​រួមសុំបុត្រយន្តហោះទៅវិញទៅមកពីភ្នំពេញទៅក្រុងសៀមរាប លើសពីនេះក៏មានប័ណ្ណសរសើរ ដែលបញ្ជាក់រូបថតរបស់​បេក្ខជនទាំង២០រូប នោះល្អដាច់គេ ក្នុងចំណោមអ្នកបានចូលរួមទាំងអស់។ ជយលាភីទាំង ២០នាក់នោះ នឹងត្រូវអញ្ជើញ​ញុំាអាហារសាមគ្គីជាមួយគ្នាផងដែរ។

ការប្រលងថតរូបស្អាតបែបធម្មជាតិ (Photo Contest) បានធ្វើឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ និងបានបញ្ចប់ទៅ​វិញនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយពន្យាពេលរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកអ្នកអ្នកថតរូបជាប់ចំណាត់ថ្នាក់។ ប្រធានបទដែលលើកមកប្រលងថតរូបស្អាត គឺបេក្ខជន-បេក្ខនារីទាំងអស់ ត្រូវថតបែប​ធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជាប្រាសាទ ទឹកជ្រោះ ក៏ដូចជាវប្បធម៌ និងទេសភាពរបស់កម្ពុជា បន្ទាប់មកដោយគ្រាន់តែ បង្ហោះចូលគណនេយ្យផ្ទាល់ខ្លួន ដោយសរសេរពាក្យថា «I Love Flying With JC International Airlines»។

លោក រិន ថាវរ៉ូ ដែលជាបេក្ខជនមួយរូប ដែលទទួលបានប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ពីក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែរឡាញ បានគាំទ្រការបង្កើតឡើងនូវកម្មវិធី «Photo Contest» ហើយសន្យានឹងចូលរួមប្រលង​កម្មវិធីនេះទៀត​នាឱកាសក្រោយ។ យុវជនដែលប្រលងជាប់រូបនេះបានបញ្ជាក់ថា «វាពិតជាល្អណាស់ ក្នុងការបង្កើតកម្មវិធីមួយនេះ លើកក្រោយខ្ញុំនឹងចូលរួមទៀតជាក់ជាមិនខាន»។

លោក ជាវ​ គីរីរម្យ បានឲ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរ ជេស៊ី អ៊ែឡាញ បានធ្វើប្រតិបត្តិហោះហើរ ពីភ្នំពេញទៅសៀមរាប និងពីភ្នំពេញទៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០១៧។ ការហោះហើរត្រូវ​បានអ្នកធ្វើដំណើរ​មានការពេញចិត្ត​ជាខ្លាំង ដោយសារតែយន្តហោះថ្មីៗ និងអាចផ្ទុកអ្នកដំណើរបាន ១៨០កៅអី និងមានសេវាកម្មល្អផងដែរ។ ក្រុមហ៊ុន ក៏កំពុងតែសិក្សា​ពីជើងហោះហើរ ទៅក្រៅប្រទេសផងដែរ។

សូមរម្លឹកថា ក្រុមហ៊ុន ជេស៊ី ខេបូឌា អ៉ីនធើណេសិនណល អ៊ែរឡាញ របស់កម្ពុជា បាននាំចូលយន្តហោះប្រភេទ Airbus A320 ចំនួន២គ្រឿងយ៉ាងថ្មីសន្លាង ដែលនាំចូលពីប្រទេសអាល្លឺម៉ង់ ហើយយន្តហោះនោះបានមកដល់ទឹកដីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧៕

រូបភាពដែលបេក្ខជនម្នាក់ដែលឈ្នះរង្វាន់ពីក្រុមហ៊ុន