(ត្បូងឃ្មុំ)៖ លោក ព្រាប គារ៉ាត មន្រ្តីគយចល័តបានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ឲ្យដឹងថា
រថយន្តធុនយក្សដឹកឈើប្រណិតចំនួន២គ្រឿង ត្រូវកម្លាំងគយចល័តរបស់លោកចាប់ឃាត់បាន នៅរសៀលថ្ងៃនេះស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈរថយន្តទាំងនេះកំពុងធ្វើដំណើរនាំឈើប្រណិតទាំងនេះ បម្រុងនាំចេញទៅប្រទេសវៀតណាម តាមច្រកទន្លូង ក្នុងខេត្តត្បូងឃ្មុំ។

មន្រ្តីគយចល័តដដែលរូបនោះបានបញ្ជាក់ថា ការចុះបង្ក្រាបរថយន្តធុនធំដឹកឈើប្រណិតនេះ គឺធ្វើឡើងដោយកម្លាំងគយចល័ត ក្រោមការចង្អុល បង្ហាញពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃ​ប្រទេស និងអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំលោក ហ៊ាង សុភក្រ្ត ព្រមទាំងមានការចូលរួមពីអភិបាលខេត្តត្បូងឃ្មុំ រួមទាំងកម្លាំងគយ​ប្រចាំមាត់ច្រកផងដែរ។ លោក ព្រាប គារ៉ាត បានបញ្ជាក់អះអាងថា រថយន្តដឹកឈើប្រណិតទាំង២គ្រឿង នេះមិនមានឯកសារ អ្វីទាំងអស់ ទើបកម្លាំងគយចល័តបង្រ្កាបយ៉ាងដូច្នេះ។

រថយន្តធុនយក្សដឹកឈើប្រណិត២គ្រឿង ដែលត្រូវបានកម្លាំងគយចល័តចាប់បាននោះ គឺមួយគ្រឿងកំពុងធ្វើដំណើរជិះចេញពីផ្លូវជាតិលេខ៧ ប្រមាណ១០គីឡូមែត្រ និងមួយគ្រឿងទៀត ជិះចុះពីផ្លូវជាតិប្រមាណ២-៣គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕