(ភ្នំពេញ)៖ ក្រោយបញ្ចប់សន្និបាតបូកសរុបការងារអន្តោប្រវេសន៍ នាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយករដ្ឋ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា លោកបានស្នើជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយផ្ទាល់មាត់ ដើម្បីសុំការអនុញ្ញាតឲ្យមានសំបុត្រកំណើតប្រភេទថ្មីដោយឡែក ប្រើសម្រាប់កូនជនអន្តោប្រវេសន៍។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក្រឡាហោម ក៏បានយល់ព្រមអនុញ្ញាតរួចហើយដែរ ហើយលោក សុខ ផល ក៏នឹងធ្វើលិខិតជាលាយលក្ខណ៍អក្សរជាផ្លូវការមួយ ដាក់ជូនសម្ដេចក្រឡាហោម ស ខេង នាពេលឆាប់ៗខាងមុខ។

ក្នុងឱកាសបើកសន្និបាតការងារអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងថា លោកនឹងស្នើជូនសម្ដេចក្រឡាហោម ស ខេង ដើម្បីផ្ដល់ការណែនាំបន្តទៅអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សុំចេញសំបុត្របញ្ជាក់កំណើតប្រភេទថ្មីមួយទៀត ផ្សេងពីសំបុត្របញ្ជាក់កំណើតសញ្ជាតិខ្មែរធម្មតា ទុកប្រើសម្រាប់កូនៗរបស់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍បានលើកជាក់ស្ដែងថា «កន្លងមកនេះ យើងមិនដែលបែងចែកទេ កូនរបស់ជនអន្តោ​ប្រវេសន៍កើតមកដាក់សញ្ជាតិខ្មែរតែម្តង បានន័យថា មេឃុំចេញសំបុត្រកំណើតហ្នឹង គាត់ចូលសញ្ជាតិនៅនឹងនោះហ្មង ដែលមិនអាចធ្វើអញ្ចឹងទៀតទៅរួចទេ»។ កំហុងឆ្គងទាំងនេះ ត្រូវបាននាយឧត្តមសេនីយ៍ សុខ ផល បញ្ជាក់ថា អនុវត្តអស់៣៥ឆ្នាំមកហើយ។

ខណៈដែលសម្ដេចឧបនាយករដ្ឋមន្រ្តី អញ្ជើញប្រកាសបិទសន្និបាតការងារអន្តោប្រវេសន៍ នារសៀលថ្ងៃដដែលនេះ លោកអគ្គនាយក សុខ ផល ក៏បានជម្រាបជូនពីបញ្ហាដ៏ស្មុគ្រស្មាញនេះ និងបានស្នើឲ្យមានសំបុត្រកំណើតប្រភេទថ្មី ដោយផ្ទាល់មាត់តែម្ដង។ តបនឹងសំណើរបស់លោកអគ្គនាយក សម្ដេចក្រឡាហោម ស ខេង ក៏បានទទួលយល់ព្រមអនុញ្ញាតឲ្យបានសំបុត្រកំណើតនេះភ្លាម។

ទោះយ៉ាងនេះក្ដី នាយឧត្តមសេនីយ៍ សុខ ផល នឹងធ្វើលិខិតរដ្ឋបាលជាលាយលក្ខណ៍អក្សរផ្លូវការមួយ ជូនចំពោះសម្ដេចក្រឡាហោម នៅពេលឆាប់ៗ​ខាងមុខ ដើម្បីឲ្យដំណើរការការងារនេះ ឆាប់បានប្រព្រឹត្តដោយជោគជ័យ។

ដោយឡែក ចំពោះកូនជនអន្តោប្រវេសន៍ ដែលបានចុះក្នុងបញ្ជីសំបុត្រកំណើតសញ្ជាតិខ្មែររួចហើយនោះ ក្រុមការងារអន្តរក្រសួង នឹងចេញប្រតិបត្តិការ​ស្រាវជ្រាវឡើងវិញ បើសិនជារកឃើញថា សំបុត្រកំណើតរបស់ពួកគាត់មិនមានភាពស្របច្បាប់ទេនោះ ក្រុមការងារនឹងប្រើសំបុត្រប្រភេទថ្មីនោះ (កំពុងស្នើ) ចុះបញ្ជីជំនួសសំបុត្រកំណើតធម្មតាវិញ ពោលឲ្យពួកគាត់ត្រឡប់មកស្ថានភាពជនអន្តោប្រវេសន៍វិញ។ ដល់ពេលពួកគាត់អនុវត្តនីតិវិធី​សុំចូលសញ្ជាតិ និងទទួលបានសញ្ជាតិខ្មែរស្របច្បាប់ហើយ ក្រុមការងារនឹងបញ្ចូលឈ្មោះពួកគាត់ ទៅក្នុងបញ្ជីសំបុត្រកំណើតសញ្ជាតិ​ខ្មែរធម្មតា​វិញដែរ។

ប្រមុខស្ថាប័នអន្តោប្រវេសន៍បានបញ្ជាក់ថា​ គិតត្រឹមឆ្នាំ២០១៦ ជនអន្តោប្រវេសន៍ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានជាង៦,០០០នាក់ ក្នុងចំណោមជនអន្តោប្រវេសន៍ ជាង១៣,០០០នាក់ (ភាគច្រើនជាជនជាតិវៀតណាម ប្រមាណ ១០,០០០នាក់)៕