(ភ្នំពេញ)៖ ឆ្លើយតបភ្លាមៗ ទៅនឹងលិខិតរបស់គណបក្សសង្រ្គោះជាតិ នៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវលក្ខនិ្តកៈថ្មីរបស់ខ្លួន គឺយោងតាមស្មារតីនៃលិខិតលេខ៤៨០ សជណ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។

លិខិតរបស់ក្រសួងមហាផ្ទៃ ក៏បានទទួលស្គាល់ការធ្វើវិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ប៉ុន្តែក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវលក្ខនិ្តកៈថ្មីរបស់ខ្លួន។

សូមជំរាបថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់មានរយៈពេល តិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។

សូមជំរាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ក្រោយមួយថ្ងៃពីជំនួបពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ, លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការ ប្រតិបត្តិបានសរសេរលិខិតមួយច្បាប់ផ្ញើជូនសម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានបញ្ជាក់ថា «ចំពោះករណីមិនំទាន់យល់ស្របគ្នា គណបក្សសង្រ្គោះជាតិ នឹងរៀបចំកែសម្រួល ក្រោយពេលលក្ខនិ្តកៈគណបក្ស ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ»