(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីបើកសវនាការលើសំណុំរឿង លោក ជួង ជូងី មេធាវីជនជាប់ចោទលោក គឹម សុខ ដែលបានដាក់ពាក្យប្តឹងស្នើសុំ បំពេញកិច្ច កោះហៅដើមបណ្តឹង មកសួរតទល់គ្នាជាមួយជនត្រូវចោទ, នៅពេលនេះត្រូវបានសភាស៊ើបសួរ សាលាឧទ្ធរណ៍ សម្រេចតម្កល់ដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។

លោកមេធាវី គី តិច បានថ្លែងឲ្យដឹងថា «សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចតម្កល់ដីកាសម្រេចរបស់ ចៅក្រមស៊ើបសួរសាលាដំបូង ទុកជាបានការដដែល មានន័យថា បដិសេធសំណើរបស់ភាគីខាងលោក គឹម សុខ ដែលបានស្នើសុំបំពេញកិច្ចសុំឲ្យមានការតទល់គ្នា រវាងដើមបណ្តឹង និងជនត្រូវចោទ នៅចំពោះមុខចៅក្រមស៊ើបសួរនោះត្រូវបានបដិសេធ»

លោក គី តិច បានថ្លែងឲ្យដឹងទៀតថា ចៅក្រមសភាស៊ើបសួរសាលាឧទ្ធរណ៍ បានលើកឡើងនៅក្នុងសវនាការថា ពាក្យបណ្តឹងរបស់មេធាវី ជួង ជូងី លើសំណើកោះហៅ ដើមបណ្តឹង មកសួរតទល់គ្នាជាមួយជនត្រូវចោទ មិនមានសំអាងហេតុត្រឹមត្រូវ ផ្ទុយនឹងមាត្រា១៣៣ នៃក្រមនីតិ វិធីព្រហ្មទណ្ឌ។ ចំណុចមួយទៀតចៅក្រមបានលើកឡើងថា លោក គឹម សុខ បានឆ្លើយច្បាស់ និងទទួលស្គាល់សម្លេងរបស់គាត់ ដែលបានធ្វើ កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី​។ ដោយឡែកសំអាងហេតុមួយទៀត ចៅក្រមបានបន្តលើកឡើងថា លោក គី តិច មានសិទ្ធិពេញលេញក្នុងការ ធ្វើតំណាងបំពេញនីតិវិធីអ្វីៗគ្រប់បែបក្នុងរឿងក្តីនេះ ដូច្នេះការស្នើសុំសម្តេចតេជោ ហ៊ុន សែ​ន មកតទល់ជាមួយជនត្រូវចោទមិនចាំបាច់នោះទេ។

សូមជំរាបថា នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ លោក គឹម សុខ ត្រូវបានបញ្ជូនមកដល់សាលាឧទ្ធរណ៍ ដើម្បីបើកសវនាការលើសំណុំរឿង លោក ជួង ជូងី មេធាវីជនជាប់ចោទលោក គឹម សុខ ដែលបានដាក់ពាក្យប្តឹងស្នើសុំ «បំពេញកិច្ច» ទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានសាលាដំបូងច្រានចោល ហើយបន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍ ប៉ុន្តែនៅពេលនេះសភាស៊ើបសួរ សាលាឧទ្ធរណ៍សម្រេចបដិសេធការស្នើសុំដូចសាលាដំបូងដែរ។

សូមបញ្ជាក់ថា ការប្តឹងបំពេញកិច្ចនេះ គឺជាការប្តឹងស្នើសុំបកស្រាយសួរតទល់ចំពោះមុខរវាងដើមបណ្តឹង និងជនជាប់ចោទ ដែលត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ រស់ ពិសិដ្ឋ បានចេញដីកាច្រានចោល ដោយសំអាងហេតុពុំត្រឹមត្រូវស្របតាម បញ្ញាត្តិមាត្រា១៣៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយ។ ហើយនៅពេលនេះសភាស៊ើបសួរសាលាឧទ្ធរណ៍ក៏បានច្រានចោលផងដែរ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក បណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោក បានចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕