(ភ្នំពេញ)៖ ទីបំផុតបន្ទាប់ពីពិចារណា និងពិនិត្យល្អិតល្អន់រយៈពេល២ថ្ងៃ ក្រសួងយុត្តិធម៌ បានសម្រេចស្នើព្រះមហាក្សត្រ ដើម្បីបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតសរុប៧៥នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ នេះបើតាម លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹង​នៅមុននេះបន្តិច នាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ។

លោក គឹម​ សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានពិនិត្យ និងសម្រេច ស្នើសុំលើកលែងទោសដល់ទណ្ឌិតចំនួនតែ៤នាក់(ស្រី១នាក់)ប៉ុណ្ណោះ និងបន្ថូរបន្ថយទោសដល់ទណ្ឌិតចំនួន សរុប ៧១នាក់ (ស្រី១០នាក់) ក្នុងចំណោមទណ្ឌិតចំនួន ៣៩១នាក់ ដែលបានស្នើសុំមកនោះ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខាង​មុខនេះ»

លោក គឹម​ សន្តិភាព បានបញ្ជាក់បន្ថែមថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គណៈកម្មការថ្នាក់ជាតិ បានទទួលសំណើរពីគណៈកម្មការថ្នាក់ខេត្ត ចំនួន១៧ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលស្នើសុំឱ្យបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិត។

សូមបញ្ជាក់ថា ការបន្ធូរបន្ថយ និងលើកលែងទោស តែងត្រូវបានធ្វើឡើង៣ដងក្នុងមួយឆ្នាំ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី បុណ្យអ៊ុទូក និងបុណ្យពិសាខបូជា ផងដែរ៕