(ពោធិ៍សាត់)៖ ចោរមួយក្រុមបានធ្វើសកម្មភាពដាក់ថ្នាំលាយជាមួយសាច់ ដើម្បីបំពុលឆ្កែ តែចៃដន់ងាប់ឆ្មា១ក្បាល លួចយកម៉ូតូគ្រឿង និងយកឆ្កែទៅ១ក្បាលទៀត រួចគេចខ្លួនដោយសុវត្ថិភាព។ សកម្មភាពនេះបានកើតឡើង កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ចម្ងាយពីគ្រែដេក ១,៥ម៉ែត្រ ស្ថិតក្នុងភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចូច សុខចាន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ជាម្ចាស់ម៉ូតូម៉ាកHonda Dream c125 សេរី២០១៤ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-9130 មានលេខតួ ND125M-9071329 និងលេខម៉ាស៊ីន ND125ME-9071329។

បើតាមការបំភ្លឺពីជនរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានលឺសំលេងឆ្កែព្រុស កាលពីយប់ថ្ងៃទី៣០ ខែមីនា តែគាត់មិននឹកស្មានដល់ពីសកម្មភាពរបស់ក្រុមចោរឡើយ លុះព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ គាត់បានភ្ញាក់ពីដំណេកទើបបានដឹងថា បាត់ម៉ូតូ១គ្រឿង បាត់ឆ្កែ១ក្បាល និងងាប់ឆ្មា១ក្បាល។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្គេត និងតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕