(កណ្ដាល)៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា លោក គង់ វិបុល អនុប្រធានទី១ នៃគណៈអចិន្រ្តៃយ៍ ចុះពង្រឹងមូលដ្ឋានស្រុកល្វាឯម បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរ ក្នុងពេលធ្វើដំណើរ និងបានជំរុញដល់កងកម្លាំងទាំងអស់ ត្រូវបន្តរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។

លោកបានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ កងកម្លាំង មន្រ្តីរាជការទាំងអស់ថា ត្រូវចេះអធ្យាស្រ័យគ្នាក្នុងការបើកបរ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពក្នុងឱកាសឆ្នាំថ្មី បើស្រវឹងកុំបើកបរ បើបើកបរកុំសេពគ្រឿងស្រវឹង ជៀសឱ្យផុតពីគ្រឿងញៀន ល្បែងស៊ីសង អំពើអបាយមុខនានា ព្រមទាំងសំណូមពរ។

ការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋនេះ ត្រូវបានលោក គង់ វិបុល លើកឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីពិសារអាហារសាមគ្គី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពី លោក កៅ ថាច ប្រធានចលនាយុវជនស្រុក ព្រមទាំងសមាជិកគណៈពង្រឹងមូលដ្ឋានឃុំទាំង១៥ ក្នុងស្រុកល្វាឯមផងដែរ។

លោកបានរំឭកថា ជាមួយនឹងក្តីសោមនស្សរីករាយក្រៃលែង និងភាពរីកចម្រើនលើគ្រប់វិស័យ នៃប្រទេសជាតិ យើងមិនអាចបំភ្លេចបាននូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្មាភិបាលយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៃគណបក្សប្រជាជន ដែលបានតស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ឥតរាថយនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុជាតិ ហើយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្តេជ្ញានឹងបន្តរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ និងអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ និងសម្រាប់អនាគត។

លោកបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរទៅណាមកណា ត្រូវប្រកាន់ខ្ជាប់ការគោរពច្បាប់ចរាចរ ត្រូវចេះអធ្យាស្រ័យគ្នាក្នុងការបើកបរ ដើម្បីរក្សាបាននូវសុខសុវត្តិភាពក្នុងឱកាសឆ្នាំថ្មី បើស្រវឹងកុំបើកបរ បើបើកបរកុំសេពគ្រឿងស្រវឹង ជៀសឱ្យផុតពីគ្រឿងញៀន ល្បែងស៊ីសង អំពើអបាយមុខនានា ព្រមទាំងសំណូមពរ និងផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបន្តរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំ។

សម្រាប់ពិធីពិសាអាហារជួបជុំគ្នានេះ លោកបានឧបត្ថម្ភដល់ក្រុមតន្ត្រីលេងកំដរកម្មវិធី អាហារ៧០តុ ភេសជ្ជៈគ្រប់មុខចំនួន ៨០០កេស ព្រមទាំងថវិកាជាច្រើនទៀត សម្រាប់ការរៀបចំកម្មវិធីទាំងមូល៕