(ភ្នំពេញ)៖​ លោក ហង្ស ពុទ្ធា អ្នកនំាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ថា គ.ជ.ប គ្រោងនឹងចេញបម្រាម ហាមមិនឲ្យមាន​ការស្ទង់មតិ ពីប្រជាប្រិយភាពគណបក្សនយោបាយ នៅអំឡុងពេល១សប្តាហ៍ មុនថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ ពោលគឺនៅមុនការបោះឆ្នោត អំឡុង៧ថ្ងៃ គឺហាមដាច់ខាត មានការស្ទង់មតិថា គណបក្សនយោបាយមួយណា ឈ្នះ, ចាញ់ គណបក្សនយោបាយណាមួយឡើយ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការចេញបម្រាមរបស់ គ.ជ.ប គឺធ្វើឡើងដើម្បីចៀសវាង កុំឲ្យមានការច្របូលច្របល់នៅមុន ការបោះឆ្នោតឈានចូលមកដល់។ លោកបានបន្តថា ម្យ៉ាងទៀតគឺដើម្បីជៀសវាងកុំឲ្យមាន គណបក្សនយោបាយមួយចំនួន ឆ្លៀតឱកាសនេះគេងចំណេញនយោបាយទៅឲ្យគណបក្សរបស់ខ្លួន ប៉ុន្តែលោក ហង្ស ពុទ្ធាថា បើមានការស្ទង់មតិ គឺអាចធ្វើបាននៅអំឡុងពេលនេះ បានហាមតែធ្វើនៅមុនការបោះឆ្នោត១សប្តាហ៍ប៉ុណ្ណោះ។

អ្នកនំាពាក្យ គ.ជ.ប ដដែលបានបញ្ជាក់ថា បម្រាមមួយនេះ នឹងផ្សព្វផ្សាយជូនសាធារណជន មុនការបោះឆ្នោតក្នុងរយៈពេល ១ខែ ដើម្បីឲ្យប្រជាពលរដ្ឋ ស្ថាប័ន អង្គការ និងប្រព័ន្ធផ្សព្វផ្សាយ ទទួលបានព័ត៌មាននេះ ឲ្យបានច្បាស់លាស់ កុំឲ្យមានការ ភាន់ច្រឡំ និងរំលោភបំពានទៅលើបំរាមមួយនេះ។

លោក ហង្ស ពុទ្ធា បន្ថែមថា ករណី មានជនខិលខូច ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយណាមួយ បំពានលើបម្រាមមួយនេះ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ដោយមិនអាចអនុគ្រោះបានឡើយ។

សូមបញ្ជាក់ថា មានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង ៣៖០០នាទីរសៀលថ្ងៃដដែល៕