(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់កុមារី វីរៈ ពេជ្ររដា អាយុ ៨ឆ្នាំ ជាក្មេងកំព្រាម្តាយដោយសារម្ដាយនាងត្រូវឪពុករបស់នាងយកខ្សែរឹតក និងដុតសម្លាប់បណ្តាលឱ្យស្លាប់បាត់បង់ជីវិត ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យអស់រយៈពេល ៦ថ្ងៃ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ នៅគេហដ្ឋានដែលស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងពិធីប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​ផ្តាំផ្ញើនូវការរំលែកទុក្ខ ក្តីអាណិតអាសូរ និងសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះហេតុការណ៍ដែលមិនគួរឱ្យកើតមានទាល់តែសោះនេះដោយសារតែអំពើដ៏សាហាវឃោរឃៅនេះហើយ បានបន្សល់ទុកកូនកំព្រាដ៏គួរឱ្យអាណិតខ្លោចចិត្តបែបនេះ។

ទន្ទឹមនឹងនេះ លោកស្រី ម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់លោកតា ស៊ឹម សត្ថា អាយុ ៧៣ឆ្នាំ ត្រូវជាជីតាបង្កើតរបស់កុមារី​​កំព្រារូបនោះ សូមបន្តចិញ្ចឹមបីបាច់ចៅស្រី ឲ្យទទួលបានការសិក្សារៀនសូត្រ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន ព្រោះអំណោយដែលបានផ្តល់ជូននាពេលនេះសម្រាប់ជួយ សម្រាលការលំបាកបានតែមួយគ្រាប៉ុណ្ណោះ។

ទាំងជីតា និងកុមារីកំព្រារូបនោះ មានក្តីរំភើបយ៉ាងក្រៃលែងដោយបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភ និងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងចិញ្ចឹមជីវិតរស់នៅ ដើម្បីអនាគតយូរអង្វែងទៅថ្ងៃមុខទៀត៕