(ឧត្តរមានជ័យ)៖ សមត្ថកិច្ចកម្ពុជាបានឲ្យដឹងនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៥នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ ហើយលួចកាប់ឈើក្រញូង ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរថៃចាប់ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ កន្លងទៅ។

សមត្ថកិច្ចកម្ពុជាបន្ត ពលរដ្ឋខ្មែរទាំង៥នាក់ ទី១ ឈ្មោះ សែន ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង  ទី២ ឈ្មោះ វុទ្ឋ ធី ភេទប្រុស ១៦ឆ្នាំ រស់នៅភូមិគោកធ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ទី៣ ឈ្មោះ ហៀន  ថីត ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ នាក់ ទាំង ៣នាក់ អាជ្ញាធរចាប់ខ្លួនថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទឆ្លងដែនកាប់ឈើក្រញូង ចូលតាមច្រកអូរស្វាយ ជាប់គុកខេត្តអូរប៊ុន ទី៤ ឈ្មោះ ពៅ តុលា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំបាក់អន្លុង ស្រុកត្រពាំប្រសាទ  ទី៤ ឈ្មោះ អ៊ី ហុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំប្រសាទ ពលរដ្ឋទាំង២នាក់នេះ អាជ្ញាធរចាប់ខ្លួនថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧  ពីបទកាប់ឈើក្រញូងខុសច្បាប់ ចូលតាមច្រកអូរឬស្សី ជាប់គុកនៅខេត្តស៊ីសាគេត ប្រទេសថៃ។

ក្រោយពីសមត្ថកិច្ចថៃ បញ្ជូលពលរដ្ឋទាំង៥នាក់ សមត្ថកិច្ចកម្ពុជាបានធ្វើការអប់រំ និងណែនាំបញ្ហាលួចឆ្លងដែនខុសច្បាប់ ចូលទៅលួចកាប់ឈើក្រញូង សំណាងណាស់ដែលសមត្ថកិច្ចថៃមិនបានផ្ទុះអាវុធ បង្ករងគ្រោះថ្នាក់ដល់អាយុជីវិត៕