(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា មូលហេតុ នៃការបំពាក់ឋានន្តរស័ក្តិ ដែលបានចូលបម្រើកងទ័ពនៅក្នុងឆ្នាំ១៩៧៩ចុះ គឺជាការតបស្នងសងគុណចំពោះគុណបការៈ របស់យោធិនជំនាន់មុន ដែលបានលះបង់ និងចូលរួមបម្រើជាតិមាតុភូមិ។

លោកថា «នេះគឺជាការងារសំខាន់ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះជីវភាព និងកិត្តិយសតាមរយៈការ​តម្លើងប្រាក់បៀវត្សរ៍ និងការឧបត្ថម្ភផ្សេងៗ ជាច្រើនទៀត ព្រោះកងទ័ពបានបម្រើជាតិ និងប្រជាជន។ លើសពីនេះ អតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ ក៏ជាគោលនយោបាយ និងជាការយកចិត្តទុកដាក់ចំពោះជីវភាព និងកិត្តិយសតាមរយៈការតម្លើងប្រាក់បៀវត្សរ៍ និងការឧបត្ថម្ភផ្សេងៗការបំផុស»

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន នាយនាវី និងនាយអាវុធហត្ថ ដែលបានចូលបម្រើកងទ័ពក្នុងនិងមុនឆ្នាំ១៩៧៩ចុះ នៅយោធភូមិភាគទី៥ ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា នីតិវិធី តម្លាភាព និងភាពត្រឹមត្រូវ នៃការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ គឺផ្អែកលើឯកសារចូលបម្រើកងទ័ពជាផ្លូវការ និងមានក្រុមការងារ ចុះជំរឿនយោធិនដោយសហការជាមួយក្រុមការងារអង្គភាព ការិយាល័យបុគ្គលិក និងសាម៉ីខ្លួនដោយផ្អែក​លើឯកសារច្បាស់លាស់ ទទួលស្គាល់ដោយផ្នែកដែលពាក់ព័ន្ធខាងលើ។

លោកបានបន្តទៀតថា «យើងមិនអាចបំពាក់ឋានន្តរស័ក្តិក្នុងពេលតែមួយបានទេ គឺផ្អែកលើតួនាទីភារកិច្ច ក្របខណ្ឌចាត់តាំង និងអតីតភាពការងារ ហើយការបំពាក់ឋានន្តរស័ក្តិជូននាយទាហានដែល បានចូលបម្រើកងទ័ព​ក្នុងនិងមុនឆ្នាំ១៩៧៩ចុះ គឺសាកសមនឹងគុណូបការៈរបស់លោកពូ អ្នកមីងដែលជានាយទាហានដែលបាន​ចូលបម្រើកងទ័ពក្នុងនិងមុនឆ្នាំ១៩៧៩ចុះ។ ការបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន ដែលបានចូលបម្រើកងទ័ព​ចាប់ពីឆ្នាំ១៩៧៩ចុះ គឺជាឆ្នាំយើងកំណត់ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត និងជា​ពេលវេលាដ៏លំបាក នៃការរំដោះប្រទេសជាតិចេញរបបប្រល័យពូជសាសន៍ ហើយស្វែងរកសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ»