(ភ្នំពេញ)៖ កំពុងតែសប្បាយដោយជក់គ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ លបទៅឆ្មក់ក្របួចបាន៤នាក់ ដកហូតបានសម្ភារៈប្រើប្រាស់មួយចំនួន នៅវេលាថ្ងៃត្រង់ទី៣១ ខែមីនា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះគ្មានលេខ (ទុកចោល) ស្ថិតលើផ្លូវបេតុង ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

នគរបាលខណ្ឌឫស្សីកែវ បាននិយាយថា ការបង្ក្រាបជាបន្តបន្ទាប់នេះ បានធ្វើឡើងទាំងការស្រាវជ្រាវ និងជាក់ស្ដែង គឺដើម្បីអនុវត្តន៍យុទ្ធនា​ការបង្ក្រាប​គ្រឿង​ញៀនទូទាំងប្រទេស រយៈពេល៦ខែដំបូង បន្ទាប់ពីក្រុមជនសង្ស័យទាំងនេះ កំពុងតែជក់គ្រឿងញៀន ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋាន​ប៉ុស្ដិ៍ច្រាំង​ចំរេះទី១ សហការជាមួយនគរបាលខណ្ឌ បានឆ្លៀតទៅឡោមព័ទ្ធបង្ក្រាបបានភ្លាមៗ។

នគរបាលខណ្ឌឫស្សីកែវ បាននិយាយទៀតថា ជនសង្ស័យត្រូវឃាត់ខ្លួនមាន៤នាក់ទី១-ឈ្មោះទ្បេះ រីសេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត​ប្រាកដ ទី២-ឈ្មោះស្មាន សិនគ្រីយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះម៉ើ ស៊ុលគីភ្លីភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត​ប្រាកដ ទី៤-ឈ្មោះការី យ៉ាហាណាហ្វី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង៤នាក់ «ប្រើប្រាស់គ្រឿងញៀន» ស្នាក់នៅ​ក្បែរគ្នា ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បន្ទាបពីបង្ក្រាបសមត្ថកិច្ចរកឃើញវត្ថុតាងជាឧបករណ៍ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។

ក្រោយបង្ក្រាបជនសង្ស័យ ដែលពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបាននាំមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី៕