(ភ្នំពេញ)៖ នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ លោក គឹម សុខ ត្រូវបានបញ្ជូនមកដល់ សាលាឧទ្ធរណ៍ហើយ ដើម្បីបើកសវនាការលើសំណុំរឿង លោកមេធាវីជនជាប់ចោទលោក គឹម សុខ ដែលបានដាក់ពាក្យប្តឹងស្នើសុំ «បំពេញកិច្ច» ទៅសាលាដំបូង រាជធានីភ្នំពេញ ហើយត្រូវបានសាលាដំបូងច្រានចោល នឹងបន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍។

សូមបញ្ជាក់ថា ការប្តឹងបំពេញកិច្ចនេះ គឺជាការប្តឹងស្នើសុំបកស្រាយសួរតទល់ចំពោះមុខរវាងដើមបណ្តឹង និងជនជាប់ចោទដែលត្រូវ បានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ រស់ ពិសិដ្ឋ ចេញដីកាច្រានចោល ដោយសំអាងហេតុពុំត្រឹមត្រូវស្របតាម បញ្ញាត្តិមាត្រា១៣៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក បណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោក បានចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕