(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យ «ក៧» សហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា បានចុះទៅ បង្ក្រាបករណីជួញដូរគ្រឿងញៀន២ករណី ដោយចាប់ខ្លួនមេជួញដូរចំនួន៥នាក់ ព្រមទាំងបានដកហូតថ្នាំញៀន ជាង២គីឡូក្រាមផងដែរ។

មន្រ្តីនគរបាលការិយាល័យ «ក៧» បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០១៧នេះ ប្រតិបត្តិការចុះ បង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃរសៀលម្សិលមិញ ស្ថិតនៅភូមិស្រឡៅទង ឃុំកំរៀង និងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បើតាមមន្រ្តីនគរបាល ប្រតិបត្តិការទី១ បានធ្វើឡើងនៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ភូមិស្រឡៅទង ឃុំ ស្រុកកំរៀង ខេត្តបាត់ដំបង​ ដោយចាប់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន១០ថង់ ទម្ងន់៩៧៦ក្រាម៧ និងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនគ្រាប់ (wy) ទម្ងន់៨៨៩,១៩២ក្រាម។

សម្រាប់ប្រតិបត្តិការទី២ បានធ្វើឡើងនៅនៅវេលាម៉ោង១៥ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជាលទ្ធផលកម្លាំងនគរបាល ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតវត្ថុតាងះ ថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីនគ្រាប់ (wy) ២០០០គ្រាប់ទម្ងន់១៩២ក្រាម។

ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងត្រូវបានយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៀត៕