(​ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​បានចូលរួមវិភាគទាន នូវទឹកប្រាក់ប្រមាណ​៥​ម៉ឺនដុល្លារ ដល់សមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដែលមានតារាសម្ដែង អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន ដើម្បីចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌មួយ មានឈ្មោះថា «កតញ្ញូរាត្រី» ដែលប្រារព្ធឡើងនៅថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីរៃអង្គាសសម្រាប់ គាំទ្រមូលនិធិសិល្បៈ​ចាស់ជរា និង​​ថ្លែងអំណរគុណ​ដល់បងប្អូនសិល្បករ-សិល្បការិនី​រៀមច្បង ដែលបានចំណាយពេលស្ទើរ​តែមួយជីវិត ការពារ និងទ្រទ្រង់សិល្បៈវប្បធម៌ជាតិ ឲ្យពិភពលោកបាន​ទទួលស្គាល់។

​ទឹកប្រាក់ជួយឧបត្ថម្ភ របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ចំនួន៥ម៉ឺនដុល្លារនេះ ត្រូវបានប្រកាសឲ្យដឹងជាសាធារណៈ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៧ ក្នុងកម្មវិធីសន្និសីទកាសែតមួយ ស្តីអំពី​កម្មវិធី «កតញ្ញូរាត្រី» រៀបចំឡើងដោយ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ហៅកាត់ថា (VASWA) ​សហការជាមួយក្រុមហ៊ុន Khmer Brewbery ​ដោយមានការ ចូលរួមពីភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន​។

អ្នកនាង ចន ច័ន្ទលក្ខិណា សមាគមមិត្តសិល្បៈស្ម័គ្រ​ចិត្តជួយសង្គម បានថ្លែងថា សន្និសីទកាសែតនេះ​​បានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ជាព័ត៌មាន ដើម្បីស្វែងរកសប្បុរសធម៌ មកជួយជ្រោមជ្រែង​​ដល់កម្មវិធី «កតញ្ញូរាត្រី»​ រៃអង្គាសសម្រាប់ គាំទ្រមូលនិធិសិល្បៈ​ចាស់ជរា និងដើម្បី ថ្លែងអំណរគុណ​ដល់បងប្អូនសិល្បករ-សិល្បការិនី រៀមច្បង​ដែលបាន​ចំណាយ​ពេល ស្ទើរតែមួយជីវិត ការពារ និងទ្រទ្រង់សិល្បៈវប្បធម៌ជាតិ ឲ្យពិភពលោក​បានទទួលស្គាល់។

ប្រធានសមាគមដដែលរូបនេះ បានបន្តថា ក្រៅពីសម្តេច​តេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​បានចូលរួមវិភាគទានចំនួន ៥០.០០០ដុល្លារ ក្នុងនោះក៏មានសប្បុរសជនជាច្រើនទៀតរួមមាន ​លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីធីត ៥០.០០០ដុល្លារ, លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរី ប៉េងហួត ៥០.០០០ដុល្លារ, លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមហ៊ុនបុរី ប៉េងហួត ៣០.០០០ដុល្លារ, លោក លី យូ ប្រធានក្រុមហ៊ុន តិចសេង ២០.០០០ដុល្លារ និងលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន Oxley Worldwide Bridge (Cambodia) Co., Ltd ចំនួន ៥.០០០ដុល្លារ។

សូមបញ្ជាក់ថា សមាគមមិត្តសិល្បៈស្ម័គ្រ​ចិត្តជួយសង្គម បានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦ និងបានធ្វើសកម្មភាព​ជាច្រើនដូចជា​ ការចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក្នុងបណ្តាខណ្ឌមួយចំនួនដូចជា ខណ្ឌ​ជ្រោយចង្វារ ពោធិ៍សែនជ័យ ចំនួន ៣លើក ដែលមានចំនួន ១,០០០ មួកសុវត្ថិភាព ផលិតជាវីដេអូឃ្លីប អប់រំចំនួន៣ ស្តីពីការពង្រឹងការអនុវត្តច្បាប់ចរាចរ ក្នុងន័យកាត់បន្ថយគ្រោះថ្នាក់ចរាចរ។

ក្នុងនោះក៏មានសកម្មភាព ជួយសម្រាលបន្ទុកមួយចំនួនតូច របស់សិល្បករ ចាស់ជរា ក្រីក្រ ដូចជា លោកតា ផ្លុង មឿក លោកតាប៉ិគួក តារាកំប្លែងនាយ​គ្រៀវ លោកគ្រូ នូ ស៊ិប និងភរិយាតារាចម្រៀង រិន សាវ៉េត និងរៀមច្បង សិល្បៈជាច្រើន​ទៀត។

លើសពីនេះ ក៏មានការរៀប​ចំបណ្ណាល័យ សម្រាប់សិស្សានុសិស្សបឋមសិក្សា ដែលស្ថិតនៅស្រុក​ ពោធិ៍រៀង ខេត្តព្រៃវែង និងសង្កាត់កោះដាច់ ខណ្ឌ​ជ្រោយចង្វារ។ រៀបចំបាយសាមគ្គី រវាងកីឡាករបាល់ទាត់ កីឡាករប្រដាល់ ជាមួយនឹងមិត្តសិល្បករ ដើម្បីបង្កើតមិត្តភាព និងលើកទឹកចិត្តដល់កីឡាប្រដាល់ខ្មែរ។ ការផ្តល់មេធាវីជូន​សិល្បការិនី​មួយចំនួន ក្នុងកិច្ចការពារតាម​ប្រព័ន្ធតុលាការ។

ដោយយល់ច្បាស់ពីកង្វះខាត និងទុក្ខលំបាករបស់រៀម​ច្បងសិល្បករចាស់ជរា ទើបសមាគម ផ្តួចផ្តើមបង្កើតកម្មវិធី​ «តញ្ញូរាត្រី» នេះ គឺដើម្បីស្វែងរកថវិកាបន្ថែម សម្រាប់ជួយសម្រួលទុក្ខលំបាករបស់ រៀមច្បងសិល្បៈចាស់ជរា ក៏ដូចជាសកម្មភាពសង្គម នានាផងដែរ៕