(ភ្នំពេញ)៖ ស្របពេលពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលនៅសេសល់តែ២សប្តាហ៍ខាងមុនទៀត នឹងចូលមកដល់នោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទកម្ពុជាប្រចាំខណ្ឌ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ពលរដ្ឋទីទ័លក្រ និងជួបការលំបាកចំនួន៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា អំណោយដែលនាំមកជូនពលរដ្ឋ៥០គ្រួសាររួមមាន៖ អង្ករ១ប៉ាវ ៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ឃីត១ឈុត ( មុង ភួយ ក្រមា ) ទឹកដោះគោ និងថវិកាក្នុង១គ្រួសារ ២ម៉ឺនរៀលផងដែរ។

លោក ឌី រ័ត្នខេមរុណ បានថ្លែងថា «ថ្វីត្បិតតែអំណោយដែលបានចែកជូននៅពេលនេះ វាតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយដោះទុក្ខលំបាករបស់បងប្អូន មួយកម្រិតផងដែរ»។ លោកប្រធានអនុសាខាបន្ថែមថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលបងប្អូនកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ពិសេសបងប្អូនដែលជាពិការជន ព្រោះថា «គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាឲ្យបាន ដើម្បីបន្តជីវិតរស់ទៅមុខទៀត និងដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់»

ក្នុងឱកាសនោះដែរ លោកប្រធានអនុសាខា បាននាំនូវប្រសាសន៍ ផ្តាំផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង៥០គ្រួសារ ក៏ដូចពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យផងដែរ។ ថ្វីត្បិតតែពេលនេះ សម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិតដូចគ្នា។

បន្ថែមពីនោះ នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលខ្វះតែ២សប្តាហ៍ទៀត នឹងខិតចូលមកដល់ លោកប្រធានអនុសាខា ក៏សូមធ្វើការអំពាវនាវ ដល់បងប្អូនទាំង៥០គ្រួសារនៅពេលនេះ ពិសេសបងប្អូននៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងមូល ធ្វើយ៉ាណាសូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះភ្លើងទានធូប នៅតាមលំនៅឋាននីមួយរបស់ខ្លួន មុនចេញទៅណាមកណាសូមពន្លត់វាមុនសិន ពិសេសកុងតាក់អគ្គីសនី ត្រូវបិទវាអោយបានខ្ជាប់ខ្ជួនល្អ ចៀសវៀងកើតមានជាអណ្តាតភ្លើងបង្កឲ្យមានការឆាបឆេះបំផ្លាញលំនៅឋាន ឬទ្រព្យសម្បត្តិរបស់បងប្អូនដោយយថាហេតុណាមួយ៕