(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក ស្រី ឌឹក បានប្រគល់ជូនផ្ទះថ្មី១ខ្នង ដែលសាងសង់អំពីឈើប្រក់សង្ក័សី ជូនដល់ក្រុមគ្រួសារក្រីក្រមួយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់​ នៅភូមិទឹកក្រហម​ ឃុំជាំក្សាន្ត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។ ផ្ទះថ្មី១ខ្នងនេះជា​អំណោយរបស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រះវិហារ។​

លោក អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូ យកចិត្តទុកដាក់ចុះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាលរដ្ឋ។ ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានចូលរួមសំដែងនូវការសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបានបំផ្លាញសម្ភាររបស់​បងប្អូនប្រជាពលរដ្ឋ​ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង មួយចំនួនមានការលំបាក។

ជាការកត់សំគាល់ គណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ អស់រយៈពេល ជាង៣០ឆ្នាំ មកនេះមិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់លំបាកវេទនានោះទេ។ ជាក់ស្តែងពេលនេះ គណបក្សប្រជាជនកម្ពុជា ក៏បានកសាងនូវផ្ទះឈើថ្មីមួយខ្នងប្រគល់ ជូនគ្រសារមួយដែលក្រីក្រជាងគេ ​ដែលគាត់ជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រលំផ្ទះទាំងស្រុង និងគ្មានលទ្ធភាពសាងសង់វិញ។ លោក អ៊ុន ចាន់ដា បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការប្រុងប្រយ័ត្ន​ជានិច្ច ចំពោះបាតុភូតធម្មជាតិ ដូចជាខ្យល់កន្ត្រាក់​ ផ្គររន្ទះជាដើម។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា និងលោក ស្រី ឌឹក ព្រមទាំងលោកស្រី បានចែកអំណោយ ជូនប្រជាពលរដ្ឋ ដែល បានចូលរួមផងដែរ៕