(ភ្នំពេញ)៖ ទស្សនីយ៍ភាពដ៏ស្រស់ស្អាត ត្រូវបានផុសចេញជារូបរាងហើយពីពហុកីឡដ្ឋានមរតកតេជោ ដែលត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០១៧ ដ៏ខ្លីខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយនឹងការជួបជុំមន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនទៀតផង ដែរ។

ទន្ទឹមគ្នានោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ ក៏បានដឹកនាំមន្រ្តីកីឡាចុះទៅពិនិត្យផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧ និងពិភាក្សាការងារចុងក្រោយផងដែរ មុនថ្ងៃសម្ពោធផ្លូវការនៅថ្ងៃទី៤ ខែមេសាខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់ថ្លែងប្រាប់ Fresh News ឲ្យដឹងថា «ដំណាក់កាលទី១ នៃពហុកីឡដ្ឋានដ៏ធំលើផ្ទៃដីប្រមាណ ៨៣ហិចតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវនេះ នឹងបញ្ចប់ការសាងសង់នាចុងខែមីនានេះ»

សមិទ្ធផលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់មុនគេ រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក។ ហើយជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏មានកម្មវិធីសំខាន់ចំនួន ២ចំណុចផ្សេងទៀតដែរ ពោលគឺការរៀបចំពិធីបុកគ្រឹះសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដំណាក់កាលទី២ ផ្ដោតលើកីឡដ្ឋានបាល់ទាត់ និងមួយទៀត គឺការទទួលទានអាហារជួបជុំជាមួយមហាគ្រួសារកីឡាកម្ពុជា លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

សូមទស្សនារូបភាពស្អាតៗដែលទទួលបានពីភ្នាក់ងារសារព័ត៌មាន Fresh News តែគ្រាន់ជារូបភាពមួយផ្នែកនៃពហុកីឡដ្ឋានមរតកតេជោតែប៉ុណ្ណោះ៖