(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃទី៣១ ខែមីនានេះថា «ខាងភាគីហ្វីលីពីនបានរៀបចំរួចហើយ ដើម្បីឲ្យកីឡាករស្តេចប្រដាល់ Manny Pacquiao បានធ្វើដំណើរទស្សនកិច្ចកម្ពុជាជាលើកទី២ នាពេលឆាប់ៗខាងមុខនេះ»

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ខាងលើបានបញ្ជាក់ថា រូបលោកបានធ្វើដំណើរទៅប្រទេសហ្វីលីពីននាពេលកន្លងមក ហើយក៏បានធ្វើការជួប សំណេះសំណាលជាមួយភាគីកីឡានៃប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពួកគេ (ភាគីហ្វីលីពីន) ក៏បានប្រាប់លោកថា ពួកគេបានរៀបចំ រួចហើយក្នុងការដឹកនាំស្តេចប្រដាល់ Manny Pacquiao មកកម្ពុជា ជាលើកទី២ទៀត នាពេលដ៏ខ្លីខាងមុខនេះ។

សូមរំលឹកផងដែរថា ស្តេចប្រដាល់ដែលកំពុងគ្រប់គ្រងខ្សែក្រវាត់ WBO ទម្ងន់មធ្យមពិភពលោក ធ្លាប់បានមក ទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋម្តងរួចមកហើយមានរយៈពេល២ថ្ងៃកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ក្នុងនាម ជាអ្នកអមដំណើរប្រធានាធិបតីនៃប្រទេសហ្វីលីពីន ឌូរីដ្រូ ឌូធឺតេ។

ក្នុងដំណើរទស្សនកិច្ច២ថ្ងៃនោះដែរ កីឡាករដែលមានវ័យ៣៨ឆ្នាំ Pacquiao ក៏បានជួបសំណេះសំណាលជាមួយលោក ថោង ខុន ប្រធាន NOCC និងកីឡាករប្រដាល់កម្ពុជាជាច្រើនរូបផងដែរ៕