(ភ្នំពេញ)៖ ក្រោយពីក្រសួងមហាផ្ទៃប្រកាសមិនផ្តល់សុពលភាព ដល់រចនាសម្ព័ន្ធដឹកនាំថ្មីរបស់បក្សព្រះអាទិត្យ ដោយបានលើកឡើងថា សមាជកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គឺបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈរបស់បក្សដែលជាច្បាប់កំពូលរបស់គណបក្សនេះទាំងចាស់ ទាំងថ្មី ឥឡូវនេះមេបក្ស កឹម សុខា អនុប្រធានបីរូបទៀត មាន មូរ សុខហួរ ប៉ុល ហំម និងអេង ឆៃអ៊ាង មិនមែនជាប្រធានបក្សពិតស្របច្បាប់ឡើយ ប៉ុន្តែជាប្រធាន និងអនុប្រធានបក្សសេះហោះ។ ដូច្នេះសកម្មភាពដែល កឹម សុខា ឬអនុប្រធាននេះធ្វើក្នុងនាមមេបក្ស និងមេបក្សរងប្រកាសដោយ ខ្លួនឯង មិនស្របច្បាប់ឡើយ។

ស្ថានភាពផ្ទៃក្នុងបក្សព្រះអាទិត្យកំពុងតែជ្រួលច្របល់ខ្លាំងហើយមេបក្ស និងមេបក្សរងបានស្នើសុំឱ្យសមាជិកទាំងអស់ នៅស្ងៀមស្ងាត់ទាំង នៅក្នុងបក្ស និងនៅក្នុងស្ថាប័នផ្សេងៗ ចំណែកឯអ្នកយុទ្ធសាស្ត្រនៅសម្ងំស្តាប់ទិសខ្យល់បន្តិចសិន។ ឱ្យនៅស្ងៀមស្ងាត់ ព្រោះប្រសិនបើ ធ្វើអត្ថាធិប្បាយផ្តេសផ្តាសកាន់តែខុសច្រើន ខណៈបក្សព្រះអាទិត្យនៅពេលនេះកំពុងស្ថិតក្នុងស្ថានភាពសត្វស្វាជាប់អន្ទាក់ គឺរើកាន់តែខ្លាំង អន្ទាក់កាន់តែរួតរឹតខ្លួន កាន់តែគ្រោះថ្នាក់ធ្ងន់។

ស្ថានភាពរបស់បក្សព្រះអាទិត្យនៅពេលនេះ គឺវិលទៅរកស្ថានភាពមុនថ្ងៃសមាជថ្ងៃទី២ ខែមីនា មានន័យថា កឹម សុខា មានតួនាទីជាប្រធានស្តីទី បក្សព្រះអាទិត្យ។

ចំណែករចនាសម្ព័ន្ធថ្មីៗដែលបង្កើតក្រោយសមាជគឺគ្មានន័យអ្វីទាំងអស់ ដោយសារតែសមាជគ្មានសុពលភាព។ ដូច្នេះ មូរ សុខហួរ ប៉ុល ហំម និងអេង ឆៃអ៊ាង មិនមែនជាអនុប្រធានបក្សព្រះអាទិត្យដែរ។ ដូច្នេះសម្រាប់ពេលនេះ ស្ថានការណ៍ពិតជាមានការលំបាកសម្រាប់បក្សព្រះអាទិត្យ ក្នុងការគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួន មិនដឹងថា តើត្រូវចេញតាមផ្លូវណាដើម្បីឱ្យស្របច្បាប់។ មានតែបក្សព្រះអាទិត្យខ្លួនឯងទេ ដែលដឹង តែបើមិនដឹងចៅចាក់ស្មុកអាចប្រាប់បាន គឺ...

ដូច្នេះចាប់ពីវិនាទីនេះ គួរឈប់ហៅខ្លួនឯងថាជាប្រធានបក្ស និងអនុប្រធានបក្សព្រះអាទិត្យតទៅទៀតទៅ ខ្មាសសពលោក កែម ឡី ដែលធ្លាប់បាន ផ្តល់យោបល់យ៉ាងច្រើនដល់បក្សនេះ នៅពេលគាត់នៅមានជីវិត ព្រោះខ្លួនគ្រាន់តែជាមេបក្ស និងមេបក្សរងសេះហោះតែប៉ុណ្ណោះ។ បើមិនជឿគាត់ ក៏កុំបំពាន ប្រយ័ត្នត្រូវបណ្តាសាសពលោក កែម ឡី ដែលទស្សន៍ទាយថា បក្សព្រះអាទិត្យអាចនឹងរលាយនៅឆ្នាំ ២០១៧ ឬ ២០១៨ខាងមុខ។

ដោយ៖ ចៅចាក់ស្មុក