(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ីហ្គ័រ ម៉ូហ្គូឡូ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យរុស្ស៊ី ជួយបណ្តុះបណ្តាលនិស្សិតខ្មែរលើជំ នាញថាមពលនុយក្លេអ៊ែរ គ្រាដែលកម្ពុជាមិនទាន់មាន អ្នកចំណេះដឹង ផ្នែកថាមពលនេះនៅឡើយនោះទេ។

លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថា កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ច សហប្រតិបត្តិផ្នែកថាមពល នុយក្លេអ៊ែរក្នុងទិសដៅ សន្តិភាព រួចរាល់ហើយ ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញថាមពលនុយក្លេអ៊ែរនេះ គឺជារឿងដ៏សំខាន់មួយ។

បើតាមលោក អ៊ុច បូរិទ្ធ សំណើបណ្តុះបណ្តាលនេះ ត្រូវបានរុស្ស៊ី យល់ព្រមរួចហើយ។

ក្នុងជំនួបនោះ លោក អ៊ុច បូរិទ្ធ ក៏បានស្នើរុស្ស៊ី ជួយបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានស្តីពីថាមពលនុយក្លេអ៊ែរផងដែរ។ ចំពោះសំណើ នេះ លោក អ៉ីហ្គ័រ ម៉ូហ្គូឡូ មិនទាន់បានឆ្លើយតបនៅឡើយនោះទេ។

តែទោះជាយ៉ាងណារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូរិទ្ធ រំពឹងថា រុស្ស៊ី នឹងជួយសម្រេចបំណងនេះ ព្រោះថាមពុលនុយក្លេអ៊ែរ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេស ជាពិសេស គឺការទាញយកថាមពលអគ្គិសនី៕