(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ គណៈកម្មការថ្នាក់ជាតិនៃក្រសួងយុត្តិធម៌ បានទទួលសំណើពីគណៈកម្មការថ្នាក់ខេត្តចំនួន១៧ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដើម្បីពិនិត្យលើការស្នើបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ៣៩១នាក់។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមទណ្ឌិត ៣៩១នាក់ ដែលក្រសួងកំពុងពិនិត្យស្នើលើកលែង​ទោសនោះ មានស្រ្តី២៤នាក់ ហើយក្នុងនោះមានស្នើបន្ធូរបន្ថយទោសចំនួន៣១៤នាក់ និងស្នើលើកលែងទោសចំនួន៧៧នាក់។

លោក គឹម សន្តិភាព បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិនិត្យសំណើថ្នាក់ខេត្ត ចំពោះការបន្ធូរបន្ថយ និងលើកលែង​ទោសដល់ទណ្ឌិត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅមិនទាន់សម្រេចទាំងស្រុងនៅឡើយទេ ហើយគណៈកម្មការថ្នាក់ជាតិនៃក្រសួងយុត្តិធម៌ នឹងបន្តពិនិត្យថែមទៀត នៅថ្ងៃស្អែក។

អ្នកនាំពាក្យក្រសួងយុត្តិធម៌  បានបញ្ជាក់ថា សម្រាប់ថ្ងៃនេះ ក្រសួងបានពិនិត្យតែសំណើរពីគណៈកម្មការថ្នាក់ខេត្តចំនួន១៣ប៉ុណ្ណោះ ដោយឡែក​សំណើ​របស់គណៈកម្មការថ្នាក់ខេត្តចំនួន៥ និងមណ្ឌលអប់រំកែប្រែចំនួន៤ទៀត ដែលនៅសេសសល់ គណៈកម្មការថ្នាក់ជាតិ នឹងបន្តកិច្ចប្រជុំ នារសៀលថ្ងៃស្អែក៕