(ភ្នំពេញ)៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ (World Camp) នៅកម្ពុជា ដោយមានសិស្ស-និស្សិតចូលរួម ចំនួន២,៦៧០នាក់ ក្នុងគោលបំណងអប់រំចិត្តយុវជនឲ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាអ្នកដឹកនាំ នាពេលអនាគត ប្រកបដោយសីលធម៌ និងគុណធម៌។

ការបោះជំរំនេះធ្វើឡើងក្រោមវត្តមាន លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ និងជាតំណាងលោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ក្រោមប្រធានបទ «ការអប់រំចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំ ប្រកបដោយសីលធម៌ និងគុណធម៌» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ។

ការបោះជំរំនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗច្រើនរូប រួមមាន លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោក ស៊ាន បូរ៉ាត បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ មកពីប្រទេសកូរ៉េ និងលោក លី ឆេង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំចិត្ត និងចំណេះដឹងទូទៅ ជូនដល់យុវជននៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងធ្វើជាយុវជនគំរូនៅក្នុងសង្គម។

លោក បាក់ អុកស៊ូ គ្រូជំនាញផ្នែកអប់រំចិត្ត បានលើកឡើងថា ការអប់រំស្មារតី និងចិត្តគំនិត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុវជនកម្ពុជា ដើម្បីយល់ពីអត្ថន័យពិតនៃជីវិត ចេះផ្លាស់ប្តូរផ្នត់គំនិត រៀនទទួលយកនូវគំនិតរបស់អ្នកដទៃ និងបើកចិត្តឲ្យទូលាយ ក្នុងការទំនាក់ទំនង ដើម្បីរស់នៅចុះសម្រុងក្នុងសង្គម។

នៅព្រឹកថ្ងៃបន្ទាប់ លោក សាយ សំអាល់ បានឲ្យដឹងថា បរិស្ថានគឺជាជីវិតរបស់យើង ហើយការចូលរួមសម្អាត និងថែរក្សាបរិស្ថាន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា មិនមែនជាការទទួលខុសត្រូវរបស់ក្រសួងតែឯងនោះទេ គឺចាំបាច់បំផុតត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប ជាពិសេសយុវជន។ កន្លងមក ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ជាច្រើន តាមរយៈការធ្វើទំនើបកម្ម និងបានប្រគល់ភារកិច្ចជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីរៀបចំ និងដោះស្រាយបញ្ហាបរិស្ថាន នៅតាមខេត្តរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ដើម្បីក្លាយខ្លួនជាយុវជនគំរូក្នុងសង្គម យុវជនត្រូវខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ និងហ៊ានលះបង់គ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិរបស់ខ្លួន ដែលធ្វើឲ្យប្រជាជនគ្រប់រូបមានការចងចាំ នូវវីរភាពគ្រប់ពេលវេលា ដូចជា ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី ព្រះបរមរតនកោដ្ឋ សម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម។

លោកបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាក៏មានកីឡាការិនី ស៊ន សៀវម៉ី ជាកីឡាការិនីគំរូ ដែលទទួលបានមេដាយមាស និងយុវជនគំរូផ្សេងៗទៀតជាច្រើន។ ពិសេសជាងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាវីរជនគំរូមួយរូបរបស់កម្ពុជា ដែលសម្តេចតេជោ បានលះបង់នូវយុវភាពចូលរួមតស៊ូក្នុងជួរកងទ័ព ដើម្បីរំដោះជីវិតប្រជាជនកម្ពុជា ឲ្យបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរបស់សង្គមជាតិ ដែលបានខ្ទេចខ្ទាំដោយសារសង្គ្រាម ព្រមទាំងបានលះបង់គ្រប់បែបយ៉ាង ដើម្បីបង្រួបបង្រួមជាតិ តាមគោលនយោបាយ ឈ្នះ-ឈ្នះ និងកសាងបាននូវឯកភាពជាតិ ស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញជូនប្រជាជន ដែលនាំឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ការបោះជំរំអន្តរជាតិលើកទី៧នេះ បានបិទនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យជាទីមោទនក្រៃលែង៕